នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប និងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពី ការរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីលោក លឹម សុខតូ អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្ទីរជំនាញពាក់ព័ន្ធមានដូចជា៖ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ រួមទាំងអាជ្ញាធរស្រុកឃុំពាក់ព័ន្ធតំបន់បឹងទន្លេសាប ដែលមានសមាសភាពសរុបចំនួន ៤៣រូប។
គោលបំណងនៃកិច្ចប្រជុំ៖
- បទបង្ហាញដោយមន្ត្រីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងតំបន់រងការទន្ទ្រាន តំបន់ព្រៃរេចរិល តំបន់ភ្លើងឆេះព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
- ពិភាក្សាប្រមូលធាតុចូលពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ព្រមទាំងធ្វើការកែលម្អផែនការអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន
- ចែករំលែកព័ត៌មានទិន្នន័យពាក់ព័ន្ធ បទពិសោធន៍ និងបច្ចេកទេស នៃការដាំស្តារព្រៃលិចទឹកប្រកបដោយប្រសិទ្ធភាព។
ជាលទ្ធផលអង្គប្រជុំ បានពិភាក្សាយ៉ាងផុសផុល និងផ្តល់ធាតុចូលល្អៗ ហើយជាចុងក្រោយ អាជ្ញាធរទន្លេសាបសំណូមពរឱ្យឃុំស្រុកដែលពាក់ព័ន្ធក្នុងតំបន់៣ នៃបឹងទន្លេសាប ធ្វើការកំណត់ទីតាំងអាទិភាពក្នុងការដាំស្តារឡើងវិញ ដើម្បីជួយសម្រួលដល់ក្រុមការងារជំនាញ របស់អាជ្ញាធរទន្លេសាប ពេលចុះអនុវត្តការងារ។ ជាទិសដៅបន្តក្រុមការងារនឹងចុះពិនិត្យ ទៅលើតំបន់អាទិភាពជាក់ស្តែង ក្នុងការដាំស្តារព្រៃលិចទឹកឡើងវិញ ដើម្បីដាក់ចូលក្នុងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា យោងលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានឯកភាពជាគោលការណ៍ ជូនក្រសួងធនធានទឹក និងឧតុនិយម (អាជ្ញាធរទន្លេសាប) សហការ ជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរិល ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕
















