នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមន្ត្រីជំនាញនៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពី លោក ពេជ្រ កែវមុន្នី អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យពិភាក្សា និងរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានគោលបំណង៖
- បទបង្ហាញដោយមន្ត្រីជំនាញអាជ្ញាធរទន្លេសាប អំពីផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
- ពិភាក្សាប្រមូលធាតុចូលពីមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំផែនការដាំស្តារព្រៃលិចទឹកឡើងវិញ ព្រមទាំងធ្វើការកែលម្អផែនការអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន
- ចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពទីតាំងភូមិសាស្ត្រ ដែលជាតំបន់អាទិភាពសម្រាប់ការងារដាំស្តារ
- ចុះពិនិត្យថ្នាលបណ្តុះកូនឈើ ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទន្លេសាប ព្រមទាំងវិធីសាស្ត្រ និងបច្ចេកទេសក្នុងការដាំស្តារព្រៃលិចទឹកឡើងវិញ។
កិច្ចប្រជុំនេះ ជាផ្នែកមួយពង្រឹងកិច្ចសហការផែនការអនុវត្តរួមគ្នា រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីដាំស្តារព្រៃលិចទឹកឡើងវិញឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីរួមចំណែកក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ី ការពារធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញបឹងទន្លេសាប។
បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារដាំស្តារក៏បានចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពទីតាំងភូមិសាស្ត្រជាក់ស្តែង ដែលជាតំបន់អាទិភាពសម្រាប់ការងារដាំស្តារ ព្រមទាំងទីតាំងថ្នាលបណ្តុះកូនឈើឆ្នុកទ្រូ ដោយមានកិច្ចសហការចូលរួមពី លោកមេភូមិសេះស្លាប់ និងសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ផងដែរថា យោងលិខិតលេខ ៦៩៦ សជណ.កធ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានឯកភាពជាគោលការណ៍ ជូនក្រសួងធនធានទឹក និងឧតុនិយម (អាជ្ញាធរទន្លេសាប) សហការ ជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីនៃខេត្តទាំង៦ និងសហគមន៍ ស្ថិតនៅក្នុងខេត្តជុំវិញតំបន់បឹងទន្លេសាប ធ្វើការដាំស្តារព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរងនូវការទន្ទ្រាននាពេលកន្លងមក និងតំបន់រេចរិល ក្នុងភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប៕
















