នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប និងមន្ត្រីក្រុមការងារ បានចូលរួមកិច្ចប្រជុំ ស្តីពី ការរៀបចំទិន្នន័យសក្កានុពលសម្រាប់កសាងផែនទី ការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិប្រចាំខេត្តកំពង់ឆ្នាំង។
គោលបំណងនៃកិច្ចប្រជុំ៖
- ផ្សព្វផ្សាយ និងបញ្ជាក់សមាសភាព តួនាទី និងភារកិច្ច របស់ក្រុមការងាររៀបចំទិន្នន័យសក្កានុពល សម្រាប់ការកសាងផែនទីការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់
- ធ្វើបទបង្ហាញ និងពិនិត្យពិភាក្សាអំពីទិន្នន័យព័ត៌មានដែលបានប្រមូលចងក្រងតាមបណ្តាស្រុកទាំង ៦ និងឃុំ សង្កាត់ ទាំង៣៨ ដែលពាក់ព័ន្ធនឹងតំបន់ជុំវិញបឹងទន្លេសាប
- ពិនិត្យ និងវាយតម្លៃលើស្ថានភាពប្រើប្រាស់ដីបច្ចុប្បន្ន ព្រមទាំងសក្កានុពល និងដែនកំណត់នានា នៅតំបន់ជុំវិញបឹងទន្លេសាប
- ពិភាក្សាអំពីបញ្ហាប្រឈម សំណូមពរ និងអត្ថប្រយោជន៍ដែលកើតមានក្នុងតំបន់នីមួយៗ ដើម្បីស្វែងរកដំណោះស្រាយសមស្រប
- ពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ ក្នុងការរៀបចំផែនទីការប្រើប្រាស់ដីឱ្យមានប្រសិទ្ធភាព និងចីរភាព
- ជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការអភិវឌ្ឍ និងគ្រប់គ្រងការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នៅតំបន់ជុំវិញបឹងទន្លេសាប ស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន។
សូមជម្រាបជូនថា ការរៀបចំទិន្នន័យសក្កានុពល សម្រាប់ការធ្វើផែនទីការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នៅតំបន់ជុំវិញបឹងទន្លេសាប ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស ការរៀបចំផែនទីការប្រើប្រាស់ដីលើមូលដ្ឋានទិន្នន័យត្រឹមត្រូវ និងទាន់សម័យ នឹងរួមចំណែកលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលដែនដី និងគាំទ្រដល់ការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ស្របតាមច្បាប់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕












