ទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយទទួលតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប, ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប និងជាសមាជិកក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
ឯកឧត្តមអគ្គលេខាធិការ ក្រុមប្រឹក្សាស្តារ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានធ្វើរបាយការណ៍ និងបទបង្ហាញ ស្តីអំពី វឌ្ឍនភាពការងារ និងសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៦។
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានសម្រេចនូវសមិទ្ធផលជាច្រើន ដោយមានកិច្ចសហការជិតស្និទ្ធ និងគាំទ្រពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជននានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី បានមានមតិសំណេះសំណាល និងផ្ដាំផ្ញើជូនដល់អង្គភាពដែលកំពុងអនុវត្តការងារ សូមយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត សំដៅពង្រឹងតួនាទីភារកិច្ច ការអភិវឌ្ឍន៍វិស័យកសិកម្មទំនើប សម្បូរបែប ដើម្បីធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕








