Thursday, April 23, 2026

ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តាម​បណ្តា​ស្ទឹង​ដែល​ស្ថិតនៅ​ខេត្តកំពង់ធំ សៀមរាប និង​ខេត្តបន្ទាយមានជ័យ​

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ៥ កើត ខែ​អ​ជ្សុ​ជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ផ្លូវជាតិ​លេខ​៦ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នា​រដូវវស្សា​តាម​បណ្តា​ស្ទឹង ស្ថិតនៅក្នុង​ខេត្តកំពង់ធំ សៀមរាប និង​បន្ទាយមានជ័យ​។
​គោលបំណង​នៃ​ការចុះពិនិត្យ​ជាក់ស្តែង គឺ​ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​ធនធានទឹក បរិស្ថាន និង​ការប្រើប្រាស់​ស្ទឹង​នា​រដូវវស្សា ដោយ​ផ្តោតលើ​ការពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព បញ្ជៀ​ស​ការលិចលង់ និង​សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​ជូន​ដល់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​។ ឯកឧត្តម ខូវ មាស បាន​លើកឡើងថា ការចុះពិនិត្យ​នេះ​មាន​សារៈសំខាន់​ក្នុងការ​ប្រមូល​ព័ត៌មាន ទិន្នន័យ ជាក់ស្តែង​ពី​តំបន់​នីមួយៗ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​គ្រប់គ្រង​ធនធានទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប ពិសេស​តាម​បណ្តា​ស្ទឹង​ទាំង​ជុំវិញ​បឹង​ទន្លេសាប និង​បញ្ចៀស​ការ​ជន់​លិច​នៅ​ប៉ែក​ខាងលើ ឱ្យមាន​ប្រសិទ្ធភាព ការពារ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​
​អាជ្ញាធរ​ទន្លេសាប បន្ត​ផ្តល់​អាទិភាព​លើ​ការអភិរក្ស និង​ការគ្រប់គ្រង​ធនធានទឹក ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម នៃ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ និង​សហគមន៍​ក្នុង​តំបន់​។ ការចូលរួម​របស់​ប្រជាពលរដ្ឋ ក៏​ជា​កត្តា​សំខាន់​សម្រាប់​ការការពារ និង​ប្រើប្រាស់​ធនធានទឹក​ឱ្យមាន​ប្រសិទ្ធភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍