នៅថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំនិងមន្ត្រីអាជ្ញាធរទន្លេសាប បានចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅសាលប្រជុំទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប និងបិទកម្មវិធីក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងអង្គពិធីបិទសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នទាំងបីព្រមទាំងភាគីពាក់ព័ន្ធដែលបានខិតខំរួមគ្នាបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ សំដៅពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយនូវហានិភ័យដែលបណ្តាលមកពីគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាពិសេស ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលនៅតែបន្តការគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជា។
អង្គសន្និបាតបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញដោយមានការធ្វើបទបង្ហាញចំនួន៤ របស់អគ្គនាយកកិច្ចការដ្ឋបាល អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមទាំងបទអន្តរាគមន៍ចំនួន ៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

















































