Friday, March 6, 2026

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​សុក្រ ៤​កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត​ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​ទីស្ដីការក្រសួង​។​
​សូមជម្រាបថា អនុវត្តតាម​សេចក្ដីណែនាំ​លេខ ០១​ស​ណន ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៤ ស្ដីពី​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ​និង​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន ដើម្បី​លើកកម្ពស់​ដំណើរការ​នៃ​ក្រសួង​ស្ថាប័ន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​ក្រុមការងារ​កំណែ​ទម្រង់រដ្ឋបាល​សាធារណៈ បាន​ដំណើរ​ការប្រជុំ​ផ្ទៃក្នុង​ស្ថាប័ន​ជាច្រើនលើក និង​សហការ​សម្របសម្រួល​ជាមួយ​ក្រសួង​មុខងារសាធារណៈ ក្នុងការ​ពិនិត្យឡើងវិញ​នូវ​មុខងារ តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ និង​បានរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​អគ្គ​លេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប​។ សេចក្តីព្រាង​អនុក្រឹត្យ​ថ្មី​នេះ មាន​បែង​ចែកជា ៦​ជំពូក និង​១៤​មាត្រា ដែល​ក្នុងនោះ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប មាន​ភារកិច្ច និង​មុខងារ​សម្របសម្រួល ដឹកនាំ​គ្រប់គ្រង​ធនធានធម្មជាតិ គាំពារ អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​៕

ព័ត៌មាន និងព្រឹត្តិការណ៍