Thursday, April 23, 2026

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០២៥ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០២៥ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​រំដួល​នៃ​ទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​ក្រសួង​ស្ថាប័ន សម្រេចបាន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អាជ្ញាធរ​ទន្លេសាប ដែល​បាន​សហការ​យ៉ាង​ល្អប្រសើរ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ការងារ​តួនាទី​ភារកិច្ច តាម​ផែន​ការដែល​បានដាក់​ចេញ ដើម្បី​ការពារ ថែរក្សា អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន​តំបន់​ទន្លេសាប​ឱ្យ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព ក្នុង​ចូលរួម​រក្សា​ធនធាន​ជលផល និង​សន្តិសុខ​ស្បៀង​សម្រាប់​សង្គមជាតិ ក៏ដូចជា​សន្តិសុខ​ទឹក​សម្រាប់​ការស្រោចស្រព ព្រមទាំង​រក្សាបាន​នូវ​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដើម្បី​ធានាបាន​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​ទៀត​។​
​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា លទ្ធផល​ការងារ​ដែល​សម្រេចបាន​រយៈពេល ១​ឆ្នាំនេះ​នឹង​ក្លាយជា​កម្លាំងចលករ​ជំរុញ​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ក្នុង​អាជ្ញាធរ​ទន្លេសាប​ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បន្ត​អនុវត្ត​ផែនការ​ការងារ​សំដៅ​រួមចំណែក​ដល់​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​បឹង​ទន្លេសាប ក៏ដូចជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០​។ ជាមួយគ្នានេះដែរ សមាជិក​អង្គប្រជុំ​ក៏បាន​ចូលរួម​ផ្តល់​មតិយោបល់ ក៏ដូចជា​បទពិសោធន៍​សម្រាប់​ជា​ធាតុ​ចូល ដើម្បីឱ្យ​ការអនុវត្ត​ក្នុង​ឆ្នាំ​២០២៦ កាន់​តែមាន​ប្រសិទ្ធភាព និង​សម្រេច​លទ្ធផល​ល្អ​ប្រ​សេ​ី​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​-​ស្ថាប​ន័ អាជ្ញាធរ​ដែនដី​ពាក់​ព​ន្ធ័​៕

ព័ត៌មាន និងព្រឹត្តិការណ៍