Thursday, April 23, 2026

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការចែករំលែក​ទិន្នន័យ​-​ព័ត៌មាន ក្រោម​នីតិវិធី​របស់​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ស្តីពី​ការចែករំលែក និង​ផ្លាស់ប្តូរ​ទិន្នន័យ​-​ព័ត៌មាន (Procedure for Data Informationn Exchange and Sharing (PDIES) នៅ​ទី​រួម​ខេត្តកំពង់ចាម​

​នា​ថ្ងៃ​សុក្រ ៤​កើត ខែអស្សុជ ឆ្នាំ​ម្យា​ញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​ជា​សមាជិក​ក្រុមការងារ​ម៉ូ​ដែល​ទុកដាក់​ទិន្នន័យ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការចែករំលែក​ទិន្នន័យ​ព័ត៌មាន ក្រោម​នីតិវិធី​របស់​គ​ណៈ​កម្ម​ការ​ទន្លេមេគង្គ ស្តីពី​ការចែករំលែក និង​ផ្លាស់ប្តូរ​ទិន្នន័យ​-​ព័ត៌មាន ក្រោម​អធិបតីភាព​ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការចូលរួម​ពី​មន្ត្រី​តំណាង និង​មន្ត្រី​ទុកដាក់​ទិន្នន័យ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល ក្រសួងបរិស្ថាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួងផែនការ អគ្គិសនី​កម្ពុជា និង ក្រុម​ជំនាញការ​ពី​លេខាធិការដ្ឋាន MRC សរុប ២៤​រូប (​ស្ត្រី ២​រូប​)​។​
​គោលបំណង​នៃ​សិក្ខាសាលា​គឺ​
១. ដើម្បី​បង្កើន​ការយល់ដឹង​អំពី ក្របខ័ណ្ឌ​ការងារ​ក្រោម​នីតិវិធី PDIES របស់ MRC រួមទាំង​រចនាសម្ព័ន្ធ យន្តការ​នៃ​ការអនុវត្ត គោលការណ៍​ណែនាំ​បច្ចេកទេស​ដែល​បាន​កែសម្រួល និង​ឧបករណ៍​ដែលមាន
២. ពង្រឹង​ទំនាក់ទំនង​អ្នក​ទុកដាក់​ទិន្នន័យ​ព័ត៌មាន បណ្តា​ស្ថាប័ន​ជាតិ​ជាមួយ និង​ក្រុមការងារ​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មាន​ថ្នាក់​តំបន់​MRC
៣. ប្រមូល​ការយល់ដឹង​ពី​មន្ត្រី​ទុកដាក់​ទិន្នន័យ ស្តីពី​ការអនុវត្ត​នាពេល​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​ក្នុងការ​ចែករំលែក និង​ការប្រើប្រាស់​ទិន្នន័យ​ទាក់ទង​នឹង​ទឹក​
៤. ពង្រឹង​ការសម្របសម្រួល កិច្ចសន្ទនា​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លំហូរ​ការងារ និង​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​ជាតិ និង​តំបន់
៥. រៀបចំ​ឯកសារ​ផ្តល់យោបល់​តាម​សភាព​ជាក់ស្តែង​សម្រាប់​កែលម្អ​ការអនុវត្ត PDIES និង​បង្កើន​ការទាញយក​ទិន្នន័យ និង​ឧបករណ៍​ថ្នាក់ជាតិ​របស់ MRC​។
​សូមជម្រាបថា PDIES គឺជា​នីតិវិធី​ចម្បង​មួយ​នៃ​នីតិវិធី​ទាំង​៥ នៃ​គណៈកម្មការ​ទន្លេមេគង្គ (MRC) នីតិវិធី​គឺ​សម្រាប់​ការផ្លាស់ប្តូរ​ទិន្នន័យ និង​ការចែករំលែក​ព័ត៌មាន ហើយ​ត្រូវបាន​បង្កើត និង​អនុម័ត​ក្នុង​ឆ្នាំ ២០០១ PDIES ដែលជា​ក្របខ័ណ្ឌ​មួយ​សម្រាប់​ប្រទេស​សមាជិក MRC តម្រូវ​ធ្វើ​គាំទ្រ​ដល់​ការប្រមូល​ទិន្នន័យ ទុកដាក់ គ្រប់គ្រង និង​ប្រើប្រាស់​រួមគ្នា​បានឱ្យ​មានលទ្ធភាព​ទទួល​បាន​ព័ត៌មាន និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​ក្នុង​អាង​ទន្លេមេគង្គ​៕

ព័ត៌មាន និងព្រឹត្តិការណ៍