Saturday, March 14, 2026

សិក្ខាសាលា​ប្រចាំឆ្នាំ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​គម្រោង​កែលម្អ​សន្តិសុខ​ទឹក​កម្ពុជា​

​នា​ថ្ងៃ​សុក្រ ១០​រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៦ លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ជា​អនុប្រធាន​ក្រុមការងារ​បច្ចេកទេស ដើម្បី​កំណត់​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​អាង​បឹង​ទន្លេសាប នៃ​កម្មវិធី​ការអនុវត្ត​វាយតម្លៃ​សន្តិសុខ​ទឹក និង​លោក ណុំ សោភា​រិ​ទ្ធិ អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចូលរួម​សិក្ខាសាលា​ប្រចាំឆ្នាំ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​គម្រោង​កែលម្អ​សន្តិសុខ​ទឹក​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​នាយក​គម្រោង​កែលម្អ​សន្តិសុខ​ទឹក​កម្ពុជា និង​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រុមការងារ​ធនាគារ​ពិភពលោក មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​គោលដៅ​ទាំង ៤ រួមមាន​៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ក្រចេះ និង​ខេត្តមណ្ឌលគិរី សរុប​ប្រមាណ​ចំនួន ១២០​នាក់​។​
​សូម​ជម្រាបជូន​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ប្រចាំ​ឆ្នាំនេះ​ឡើង គឺ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លើ​ការអនុវត្ត និង​លទ្ធផល​នៃ​ការងារ​អនុវត្ត​កន្លងមក​របស់​ភ្នាក់ងារ​អនុវត្ត​គម្រោង និង​អ្នកពាក់ព័ន្ធ ដូចជា សមិទ្ធផល​ការងារ បញ្ហា​ប្រឈម ការធ្វើឱ្យ​ប្រសើរឡើង ដំណោះស្រាយ និង​ការគាំទ្រ​ពី​ធនាគារពិភពលោក និង​ការពង្រឹង​លើ​កិច្ចសហប្រតិបត្តិការ​អន្តរក្រសួង​រវាង MOWRAM, MAFF, MUF, MISTI, និង WB ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព និង​ជោគជ័យ​នៃ​គម្រោង​សន្តិសុខ​ទឹក​នាពេល​អនាគត​៕

ព័ត៌មាន និងព្រឹត្តិការណ៍