Saturday, April 25, 2026

រចនាសម្ព័ន្ធ

សារស្វាគមន៍

មតិស្វាគមន៍របស់រដ្ឋមន្រ្តី ប្រិយមិត្តទាំងអស់ជាទីមេត្រី !

ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រិយមិត្តទាំងអស់ ដែលបាន និងកំពុងប្រើប្រាស់គេហទំព័រអាជ្ញាធរទន្លេសាប។ គេហទំព័រនេះជាកន្លែងប្រមូលផ្តុំទិន្នន័យព័ត៌មានដ៏សម្បូរបែបទាក់ទងនឹងលទ្ធផលការអនុវត្តសកម្មភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងការការពារ ការថែរក្សាធនធានធម្មជាតិ និងបរិស្ថានការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប និងរួមមានគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការសកម្មភាព និងផែនការយុទ្ធសាស្ត្ររបស់អាជ្ញាធរទន្លេសាប របាយការណ៍ប្រចាំឆ្នាំ កម្រងឯកសារគតិយុត្តនានា ព្រមទាំងមណ្ឌលព័ត៌មានដែលអនុញ្ញាតដល់សាធារណជនគ្រប់រូប ជាពិសេសសិស្ស និស្សិត បញ្ញាវ័ន្ត និងអ្នកស្រាវជ្រាវ បានស្វែងយល់ពីសកម្មភាពការងារអាជ្ញាធរទន្លេសាប សក្តានុពល និងអត្ថប្រយោជន៍បឹងទន្លេសាប នឹងចំណេះដឹងផ្សេងៗទាក់ទងការចូលរួមចំណែកក្នុងការជួយលើកកម្ពស់ការគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឍន៍ធនធានធម្មជាតិនៅតំបន់ជុំវិញបឹងទន្លេសាបនិងតំបន់ពាក់ព័ន្ធ។ គេហទំព័រនេះក៏នឹងក្លាយជាកញ្ចក់របស់អាជ្ញាធរទន្លេសាប មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីការបម្រើជាតិមាតុភូមិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចុះ តាយរយៈការផ្តល់នូវមតិយោបល់រិះគន់ និងព័ត៌មានទាំងឡាយរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ធ្វើយ៉ាងដើម្បីឱ្យអាជ្ញាធរទន្លេសាបបំពេញការងារបានល្អ ។ ខ្ញុំសង្ឃឹមថា គេហទំព័ររបស់អាជ្ញាធរទន្លេសាប នឹងជួយពង្រឹងសិទ្ធិនៃការបញ្ជូន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ បង្កើន ការយល់ដឹងរបស់ពួកគាត់ក្នុងការចូលរួមកិច្ចការរគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឍន៍ធនធានធម្មជាតិនៅតំបន់ជុំវិញបឹងទន្លេសាបនិងតំបន់ពាក់ព័ន្ធ៕ សូមអរគុណ!