នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តចុះប្រជុំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាប។ វគ្គផ្សព្វផ្សាយនេះ បានអញ្ជើញចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលស្រុក ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំដានរុន និងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សូមជម្រាបជូនថា វគ្គផ្សព្វផ្សាយនេះមានគោលបំណងផ្ដោតសំខាន់ រួមមាន៖
១. បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
២. សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ អធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក បានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបោះបង្គោលកំណត់ព្រំតំបន់៣ នៃព្រៃលិចទឹក នៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប ៕














