ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក តំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព នាថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។ វគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តំណាងរដ្ឋបាលស្រុក ព្រមទាំងលោក លោកស្រី ជាមេឃុំ ជំទប់ឃុំក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រោយស្តៅ បឹងព្រីង តាពូង និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សូមជម្រាបជូនថា ការផ្សព្វផ្សាយនេះក្នុងគោលបំណងផ្ដោតសំខាន់លើ៖ ១-បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក និង២- សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។ ការផ្សព្វផ្សាយនេះក៏បានបង្ហាញពីខ្លឹមសារសំខាន់នៃសារៈសំខាន់របស់បឹងទន្លេសាប ព្រៃលិចទឹករួមនឹងវិធានការការពារធនធានធម្មជាតិ ដោយការចូលរួមក្នុងការអនុវត្តច្បាប់ បទប្បញ្ញត្តិនានា ដើម្បីធានាឱ្យបាននូវការការពារ ថែរក្សា និងគ្រប់គ្រងធម្មជាតិ ជីវចម្រុះ ធនធានជលផលព្រៃលិចទឹកនៅតំបន់ទ្រនាប់ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ និងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ ដែលវាបាន និងកំពុងគំរាមកំហែងមកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប បង្កឡើងដោយ កត្តាមនុស្ស និងកត្តាធម្មជាតិ ក្មុងនោះរួមមានសកម្មភាពក្នុងការទន្ទ្រានដីព្រៃលិចទឹកនិងការនេសាទខុសច្បាប់ ជាដើម៕












