Saturday, March 7, 2026

លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប

​ខេត្តពោធិ៍សាត់​: នា​ថ្ងៃ​សុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៤ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ ចុះ​ផ្សព្វផ្សាយ ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ពាក់ព័ន្ធ​ការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ បឹង​ទន្លេសាប ដែល​បាន​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា​មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ តំណាង​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាស្ត្រ​ជាប់​តំបន់​៣ ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ឃុំ​ស្នាម​ព្រះ បឹង​បត់​កណ្តោល អូរ​តា​ប៉ោង និង​ឃុំ​មេទឹក ស្រុក​បាកាន​ខេត្តពោធិ៍សាត់ សរុប​ចំនួន ១៣២ នាក់​។​

​សូម​ជម្រាបជូន​ថា ការចុះ​ផ្សព្វផ្សាយ​នេះ គោលបំណង​ផ្ដោត​សំខាន់​លើ :

  • បញ្ជៀប​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ ឱ្យមាន​ការចូល​រួមកា​រពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ និង​ព្រៃ​លិច​ទឹក​
  • សំដៅ​ធានាបាន​នូវ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចម្រុះ ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។​
    ​ឆ្លៀត​ក្នុងឱកាស​នៃ​វគ្គ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​នេះដែរ ក្រុមការងារ​បាន​បញ្ជ្រាប​ការយល់ដឹង​ដោយ​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់​នៃ​បឹង​ទន្លេសាប ដែលជា​អត្តសញ្ញាណ​ជាតិ​មិនអាច​កាត់ថ្លៃ​បាន និង​កត្តា​ប្រឈម​នានា ដែល​បាន និង​កំពុង​ជះឥទ្ធិពល​គំរាមកំហែង​មកលើ​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប ដូចជា​សកម្មភាព​ក្នុងការ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​និង​ការនេសាទ​ខុសច្បាប់ ជាដើម ដែល​តម្រូវឱ្យ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​ជនបង្ក​បទល្មើស ដើម្បី​ធានា​ការការពារ ថែរក្សា និង​គ្រប់គ្រង​ធម្មជាតិ ជីវចម្រុះ ធនធាន​ជលផល ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់​ជូន​ថា​: អាជ្ញាធរ​ទន្លេសាប គឺជា​សេនាធិការ​ផ្ទាល់​ឱ្យ​រាជរដ្ឋាភិបាល ដែលមាន​ភារកិច្ច​ក្នុងការ​តាមដាន ត្រួតពិនិត្យ អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក បានធ្វើ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​បោះបង្គោល​កំណ​ត់​ព្រំ​តំបន់​៣ នៃ​ព្រៃ​លិច​ទឹក នៅក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ស្របតាម​គោលការណ៍ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប អោយ​ប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និង​ចីរភាព ៕

ព័ត៌មាន និងព្រឹត្តិការណ៍