នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោក ខូវ វេងសុង ប្រធានការិយាល័យធនធានរ៉ែ នៃនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារការិយាល័យ បន្តចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប ស្ថិតនៅអាងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ក្រុងពោធិ៍សាត់ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការចុះសិក្សានេះក្រុមការងារបាន៖
១. ជួបជាមួយមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ ដើម្បីសហការស្នើសុំព័ត៌មាន ទិន្នន័យ ទីតាំងទាញយកធនធានរ៉ែ និងការប្រកបអាជីវកម្មធនធានរ៉ែក្នុងអាងស្ទឹងពោធិ៍សាត់
២. ជួបជាមួយអាជ្ញាធរដែនដី និងម្ចាស់បូមខ្សាច់ នៅតាមទីតាំងចុះសិក្សា ដើម្បីទទួលបានព័ត៌មាន ទិន្នន័យទូទៅ ការធ្វើអាជីវកម្មធនធានរ៉ែ និងបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅតាមទីតាំងសិក្សា
៣. ចុះពិនិត្យជាក់ស្តែង និងវាយតម្លៃពីទំហំ-បរិមាណពីការទាញយកធនធានរ៉ែ និងវាយតម្លៃលើស្ថានភាពផលប៉ះពាល់ការបាក់ច្រាំងស្ទឹង និងការប្រែប្រួលរូបរាងស្ទឹង
៤. ប្រើប្រាស់ដ្រូនជាជំនួយថតរូបពីលើអាកាសបន្ថែមលើទីតាំងចុះសិក្សាជាក់ស្តែង។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវពីធនធានរ៉ែ និងផលប៉ះពាល់ពីការទាញយកធនធានរ៉ែ នៅតំបន់ទីជម្រាលអាងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាវាយតម្លៃផលប៉ះពាល់ពីការទាញយក និងធ្វើអាជីវកម្មធនធានរ៉ែ
- សិក្សាវាយតម្លៃលើភាពប្រែប្រួលរូបរាងស្ទឹង និងតំបន់ពាក់ព័ន្ធ និង
- រៀបចំផែនទីទីតាំងសក្តានុពលធនធានរ៉ែ និងការទាញយកធនធានរ៉ែ នៅតាមអាងស្ទឹងក្នុងតំបន់ទន្លេសាប៕













