កាលពីថ្ងៃចន្ទ ២កើត ដល់ថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ បានដឹកនាំក្រុមការងារ បន្តចុះលើកកម្ពស់ការយល់ដឹងយេនឌ័រ និងការកសាងសមត្ថភាពស្រី្ត លើការការពារ ថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រុមការងារចុះជួបពិភាក្សាពីស្ថានភាពទូទៅ និងតួនាទី ភារកិច្ចយេនឌ័រ ដើម្បីស្វែងយល់ និងប្រមូលព័ត៌មាន និងទិន្នន័យ តាមរយៈលោក ម៉ី សុផល្លី អភិបាលរងស្រុក, លោក ជុន លីហៃ ប្រធានការិយាល័យគាំទ្រឃុំ សង្កាត់, លោក ឈឹម ប៊ុនលៀង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងលោកស្រី ផល កញ្ញា អនុប្រធានការិយាល័យកិច្ចការនារី និងកុមារ និងសង្គមកិច្ច នៅរដ្ឋបាលស្រុករលាប្អៀរ។
សូមជម្រាបថា គោលបំណងសកម្មភាពលើកកម្ពស់ការយល់ដឹងយេនឌ័រ និងកសាងសមត្ថភាពស្ត្រី និងបរិយាបន្នសង្គម មានសិទ្ធិចូលរួមអនុវត្តការងារស្មើគ្នាដោយសមធម៌ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការការពារ ថែរក្សាទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹង៕






