Saturday, March 7, 2026

លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ក្រុមការងារ​យេនឌ័រ របស់​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​យេនឌ័រ និង​កសាង​សមត្ថភាព​ស្ត្រី លើ​ការការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​តំបន់​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​

​កាលពី​ថ្ងៃ​អង្គារ ៤​កើត ដល់​ថ្ងៃ​សៅរ៍ ៨​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៥ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​ក្រុមការងារ​យេនឌ័រ របស់​អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​យេនឌ័រ និង​កសាង​សមត្ថភាព​ស្ត្រី​លើ​ការការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​នៅ​តំបន់​ទន្លេសាប ស្ថិតនៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​
​ក្រុមការងារ​ចុះ​ធ្វើការ​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​យេនឌ័រ ក្នុង​គោលបំណង​៖
សិក្សា​ស្វែងយល់​ពី​ការចូលរួម​យេនឌ័រ​លើ​ការថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​ធនធានធម្មជាតិ នៅ​តំបន់​បឹង​ទន្លេសាប​
សិក្សា​ស្វែងយល់​ពី​ការយល់ដឹង និង​ការចូលរួម​ពី​ស្ត្រី​ក្នុងការ​ការពារ ថែរក្សា ទប់ស្កាត់ និង គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ចុះ​ជួប និង​អាជ្ញាធរ​មូលដ្ឋាន ពិភាក្សា​ពី​តួនាទី និង​បញ្ហា​យេនឌ័រ​ពាក់ព័ន្ធ​នឹង​បទពិសោធន៍ និង​ការអនុវត្ត​ការងារ​ក្នុង​មូលដ្ឋាន​សិក្សា​លើ​ចំនួន​ស្ត្រី បុរស កុមារ និង​ជនពិការ​នៅក្នុង​តំបន់​។​
​សូម​ជម្រាបជូន​ថា​៖ ក្រុមការងារ​បាន​ចុះ​បញ្ជ្រាប​ពី​ការយល់ដឹង​យេនឌ័រ​នេះ ផ្ដោត​សំខាន់​លើ​ការប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ប្រជាពលរដ្ឋ​ជា​ស្ត្រី បុរស កុមារ និង​ជនពិការ ដែល​ស្ថិតនៅក្នុង​តំបន់ តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ជ្រាប​ការយល់ដឹង​យេនឌ័រ​ឱ្យ​ស៊ីជម្រៅ​ក្នុងការ​ការពារ ថែរក្សា ទប់ស្កាត់ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​យល់​ពី​សារៈប្រយោជន៍​ធនធានធម្មជាតិ​របស់​បឹង​ទន្លេសាប ក្នុងការ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ជាពិសេស កសាង​សមត្ថភាព​ស្ត្រី​ឱ្យមាន​ភាព​អង់អាច​ចូលរួមចំណែក​ទប់ស្កាត់ ផ្តល់​មតិយោបល់ និង អនុវត្ត​ការងារ​ក្នុង​ស្មារតី​ចូលរួម​លើកកម្ពស់​សមភាព និង​សមធម៌​ដោយ​មិនមាន​ភាព​រើសអើង​ក្នុងការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍