ក្រោយពីទទួលបានការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អមដោយឯកឧត្តម ជា សុខនី អគ្គលេខាធិការរង និងក្រុមការងារមន្ត្រីបច្ចេកទេសក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ចុះធ្វើការសិក្សាប្រជុំកោះច្រករំហូរទឹកចូល-ចេញក្នុងបឹងទន្លេសាបនៅទីតាំងជាក់ស្តែង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បន្ទាប់ពីក្រុមការងារបច្ចេកទេស បានធ្វើការសិក្សា វិភាគ និងពិនិត្យគូសផែនទីបឋមចំនួន ៦១កោះ តាមរយៈការផ្តិតរូបភាពពីផ្កាយរណប ។
ជារួមការចុះសិក្សាទីតាំងតាមតំបន់ប្រជុំកោះជាក់ស្តែង ក្នុងគោលបំណងប្រមូលចងក្រងទិន្នន័យព័ត៌មាន សម្រាប់ជាទឡ្ហីករណ៍ក្នុងការវិភាគ រៀបចំផែនទី និងរបាយការណ៍បច្ចេកទេសទៅលើចរន្តជីពចរលំហូរទឹក និងឥទ្ធិពលនៃផលប៉ះពាល់លើគុណភាព និងបរិមាណទឹក រួមជាមួយសក្តានុពលសេដ្ឋកិច្ច-សង្គមចំពោះការប្រើប្រាស់ដីប្រជុំកោះទាំងអស់នេះ ទាំងវិស័យកសិកម្ម និងអេកូទេសចរណ៍ធម្មជាតិ។
សូមជម្រាបថា បឹងទន្លេសាប ដើរតួរនាទីជាអាងស្តុកទឹកធំជាងគេរបស់ទន្លេមេគង្គ ដោយទទួលនូវរបបទឹកពីទន្លេមេគង្គ នារដូវវស្សាចាប់ពីខែពាក់កណ្តាលឧសភា ដល់ពាក់កណ្តាលខែតុលា ដែលនាំយកមកនូវដីល្បាប់មានជីវជាតិមានប្រយោជន៍ជាជីសម្រាប់ដំណាំ ព្រមទាំងជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះរបស់បឹងផងដែរ៕















