Tuesday, June 23, 2026

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​គម្រោង​ផែនការ​ចំណាយ​ថវិកា ឆ្នាំ​២០២៧ របស់​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ នេះ នៅ​សាលប្រជុំ​នៃ​ទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​គម្រោង​ផែនការ​ចំណាយ​ថវិកា របស់​ស្ថាប័ន និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម លោកជំទាវ​ថ្នាក់ដឹកនាំ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក លោកស្រី មន្ត្រីរាជការ តំណាង​អង្គភាព​ថវិកា​ក្រោម​ឱវាទ​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប​។
​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង​រក្សា​ការ​ឯកភាពគ្នា​ផ្ទៃក្នុង ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ផែនការ​ចំណាយ​ថវិកា​ឆ្នាំ​២០២៧ ស្របតាម​សារាចរ​លេខ ០៦ សរ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៦ ស្ដីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៧-២០២៩ និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៧ ព្រមទាំង​ពិនិត្យ ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​កន្លងមក ដើម្បីឱ្យ​ការអនុវត្ត​ថវិកា​កាន់​តែមាន​ប្រសិទ្ធភាព សង្គតិភាព​ជាមួយ​ក្រសួង​ស្ថាប័ន ស្រប​នឹង​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ចំពោះមុខ ការគ្រប់គ្រង​ធនធានទឹក ធនធានធម្មជាតិ និង​គ្រប់គ្រង​ប្រព័ន្ធ​ឧតុនិយម​ទំនើប ពង្រឹង​ការ​ព្យាករ​អាកាសធាតុ រក្សាបាន​នូវ​សន្តិសុខ​ទឹក ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បង្ការ​បាន​ពី​ហានិភ័យ​នៃ​គ្រោះធម្មជាតិ រួមចំណែក​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្តរភាព​៕

ព័ត៌មាន និងព្រឹត្តិការណ៍