នាថ្ងៃអង្គារ ៨កើត ដល់ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេស នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានចុះសម្របសម្រួល និងចូលរួមបេសកកម្ម ពិនិត្យការប្រមូលទិន្នន័យការតាមដានផលចាប់ជលផល នៃការអនុវត្តប្រព័ន្ធតាមដានស្នូល របស់គណៈកម្មការទន្លេមេគង្គ ស្ថិតនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង, ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបជូនផងដែរ អាជ្ញាធរទន្លេសាបបានធ្វើការសិក្សាស្រាវជ្រាវការតាមដានភាពសម្បូរបែប នៃប្រភេទត្រីតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបអស់រយៈពេល ១៣ ឆ្នាំ កន្លងមកហើយ ដោយមានការជួយគាំទ្រ និងឧបត្ថម្ភថវិកាបច្ចេកទេសពីគណៈកម្មការទន្លេមេគង្គ និងសម្របសម្រួលការងារដោយគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា។ ក្នុងកិច្ចដំណើរការគម្រោងសិក្សាស្រាវជ្រាវការតាមដានភាពសម្បូរបែប នៃប្រភេទត្រីតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប អនុវត្តដោយក្រុមការងារនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានចាប់ផ្តើមនៅឆ្នាំ ២០១២ រហូតមកដល់ពេលបច្ចុប្បន្ន។ ការសិក្សានេះមានគោលបំណងសំខាន់ក្នុងការប្រមូលទិន្នន័យផលចាប់របស់អ្នកនេសាទ តាមដានភាពសម្បូរបែបរបស់ត្រី ធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យស្តីពីភាពសម្បូរបែប និងនានាភាពនៃប្រភេទត្រី និងរៀបចំរបាយការណ៍តាមដានដែលពន្យល់ពីស្ថានភាព និងនិន្នាការនៃធនធានជលផលនៅតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា៕













