កាលពីថ្ងៃអង្គារ ៦កើត ដល់ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានចុះសិក្សាតាមដាន វាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ សិប្បីសត្វ និងចរន្តទីផ្សារតាមច្រកចេញ-ចូល ស្ថិតនៅនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (កន្លែងឡើងត្រីច្រកកំពង់ឃ្លាំង) នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង (កន្លែងឡើងត្រីច្រកកំពង់ភ្លុក) សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប (កន្លែងឡើងត្រីច្រកចុងឃ្នៀស) និងឃុំកែវពណ៌ ស្រុកពួក (កន្លែងឡើងត្រីច្រកមេជ្រៃ) ខេត្តសៀមរាប ។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើការចុះជួបជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី
២. សម្ភាសន៍ជាមួយប្រជានេសាទ
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី ត្រីនុយ និងសិប្បីសត្វ
៤. ជួបសម្ភាសន៍ជាមួយអ្នកចឹញ្ចឹមត្រី ។
សូមជម្រាបជូនថា៖ សកម្មភាពចុះតាមដាន វាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ សិប្បីសត្វ និងចរន្តទីផ្សារតាមច្រកចេញ-ចូល នៅបណ្តាខេត្តទាំង ៦ និងតំបន់ពាក់ព័ន្ធជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ របស់អាជ្ញាធរទន្លេសាប ។ សកម្មភាពខាងលើនេះ មានគោលបំណង៖
តាមដានបរិមាណនៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប
សិក្សាអំពីប្រភព និងប្រភេទត្រីនុយដែលធ្វើអាជីវកម្មលើវារីវប្បកម្ម
សិក្សាចរន្តទីផ្សារនៃធ្វើការធ្វើអាជីវកម្មធនធានធម្មជាតិ និងផលប៉ះផលនៃការធ្វើអាជីវកម្មលើធនធានធម្មជាតិ៕







