ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ពាម​បាង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង

​នៅ​ថ្ងៃ​សៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ពាម​បាង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ស្ទោង ខេត្តកំពង់ធំ អម​ជាមួយ​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​នៃ​ក្រុមការងារ​ថ្នាក់ជាតិ ដែលជា​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ ក្រុមប្រឹក្សាឃុំ រដ្ឋបាល​ជលផល មន្ត្រី​បរិស្ថាន សហគមន៍​នេសាទ សមាគម​គ្រូបង្រៀន សេវា​សង្គម និង​កងកម្លាំង ប្រជា​ការពារ​ឃុំ សរុប​ចំនួន ៥៣​នាក់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​ក្នុង​មូលដ្ឋាន​របស់​ឃុំ ផ្សារភ្ជាប់​ជាមួយ​ការការពារ និង​គ្រប់គ្រង​សក្តានុពល​ធនធាន​តំបន់​បឹង​ទន្លេ​ឆ្មារ  ដូចជា​ធនធានធម្មជាតិ​, បរិស្ថាន​, ជីវៈចម្រុះ​, ជីវភាព​រស់នៅ​, ភូមិ​-​ឃុំ សុវត្ថិភាព​, និង​ការបម្រើ​សេវាកម្ម​ផ្សេងៗ នៅក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ។​

​សូមជម្រាបថា នៅក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ ឯកឧត្តម ក៏បាន​ពាំនាំ​នូវ​ការ សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក ពី​សំណាក់ ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា និង​លោកជំទាវ ជូន​ចំពោះ​អាជ្ញាធរ​ដែនដី សមាជិក​ក្រុមប្រឹក្សាឃុំ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​កំពុង​យកចិត្តទុកដាក់​បម្រើកា​រងារ​ជូន​ប្រជាពលរដ្ឋ និង​ការការពារ​ធនធានធម្មជាតិ​នៅក្នុង​ឃុំ​ពាម​បាង បានល្អ​ប្រសើរ  ព្រមទាំង​ជម្រាបជូន​អំពី​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ​ទន្លេសាប ផ្សារភ្ជាប់​ជាមួយនឹង​ភារកិច្ច​ក្រុមការងារ​ថ្នាក់ជាតិ​ទទួល​ជួយ​ឃុំ​ពាម​បាង​នេះ​ផងដែរ ។ 

​បន្ទាប់ពី​លោក​មេឃុំ​ពាម​បាង បានធ្វើ​របាយកាណ៍​សង្ខេប​ពី​ស្ថានភាព​ទូទៅ​ភូមិសាស្ត្រ និង​សភាពការណ៍​រួម​របស់​ឃុំ អំពី ភូមិ​ឃុំ​សុវត្ថិភាព សេវាសាធារណៈ ការគ្រប់គ្រង​ធនធានធម្មជាតិ បរិស្ថាន និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ រួមទាំង​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​រួចមក ។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បានផ្តល់​ជា​គំនិត​ផ្តួចផ្តើម​ណែនាំ និង​ដំណោះស្រាយ​មួយចំនួន​ជូន​ដល់​អាជ្ញាធរ​ដែនដី និង​សមាជិក​ក្រុមការងារ ដើម្បី​ជម្រុញ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ​បន្តទៀត រួមមាន​÷
១. រួមគ្នា​គិតគូរ និង​ពង្រឹង​ការផ្តល់​សេវាសាធារណៈ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​ដោះស្រាយ​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​
២. រួមគ្នា​គិតគូរ​ដោយ​កិច្ចសហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស ការបំផ្លាញ​ធនធានធម្មជាតិ បរិស្ថាន ជីវចម្រុះ​នៅ​តំបន់​ទន្លេសាប ជាពិសេស​ធនធាន​នៅ​តំបន់​បឹង​ទន្លេ​ឆ្មារ 
៣. ក្រុមការងារ​ថ្នាក់ជាតិ​មន្ត្រី​អាជ្ញាធរ​ទន្លេសាប នឹង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អង្គភាព​ជំនាញ លើ​ការសិក្សា​បន្ថែម ពី​ភាព​ប្រឈម និង​ដំណោះស្រាយ​ផលប៉ះពាល់​ធនធានធម្មជាតិ បរិស្ថាន​នៅ​បឹង​ទន្លេ​ឆ្មារ 
៤. ទទួលយក​រាល់​សំណើ យកមក​សិក្សា​បន្ថែម ដើម្បី​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ពិនិត្យ និង​ផ្តល់​អនុសាសន៍​ណែនាំ​។​

​សូម​ជម្រាប​ផងដែរ​ថា ឆ្លៀត​ក្នុងឱកាស​ពិធី​សំណេះសំណាល​ខាងលើនេះ ក៏មាន​ក្រុមការងារ​មន្ត្រី​ថ្នាក់ជាតិ របស់​អាជ្ញាធរ​ទន្លេសាប ដែល​ដឹកនាំ​ដោយ ឯកឧត្តម លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ធ្វើការ​សិក្សា​អំពី​របប​ជលសា​ស្ត្រ គុណភាព​ទឹក ជីវៈចម្រុះ ផល​ចាប់​ត្រី និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​បឹង​ទន្លេ​ឆ្មារ ផងដែរ ដើម្បី​ស្វែងយល់​ពី​សក្តានុពល​ធន​ធាន​ធម្មជាតិ​បឹង​ទន្លេ​ឆ្មារ​នា​រដូវប្រាំង និង​វិភាគ​រៀបចំ​នូវ​ផែនការ​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​ការធានា​និរន្តរភាព​នៃ​ធនធាន​ជលផល និង​ជីវៈចម្រុះ​នាពេល​បច្ចុប្បន្ន និង​អនាគត​។​
​មួយវិញទៀត ផ្សារភ្ជាប់​នឹង​បេសកកម្ម​ខាងលើ​នេះដែរ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស ក៏បាន​បន្ត​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស នៃ​ការសាងសង់​បោះបង្គោល​ព្រំ​តំបន់ ៣ កំណត់​ដែន​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ទីតាំង​ភូមិសាស្ដ្រ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​សូមបញ្ជាក់ថា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្ទោង ត្រូវបាន​ចាត់តាំងឡើង​ដោយ​សេចក្តីសម្រេច​លេខ ០៧ សសរ ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ដែលមាន​តួនាទី​ភារកិច្ច ស្របតាម​សេចក្តីណែនាំ​លេខ ០៤ ស​ណន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ របស់​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​៕