ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ការសាងសង់​បោះបង្គោល​ព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុង​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃ អាទិត្យ ១៣​កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អមដោយ​លោក ឡុ​ក សីលា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ចុះ​ពិនិត្យ​ការសាងសង់​បោះបង្គោល​ព្រំ​តំបន់ ៣ ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រគរ ឃុំ​កំពង់​លួង និង​ស្រុក​កណ្តៀង ឃុំ​កញ្ជរ និង​ឃុំ​ស្យា ខេត្តពោធិ៍សាត់ បន្ទាប់ពី​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ផែនទី របស់​អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​មន្ត្រី​ជន​បង្គោល​អាជ្ញាធរ​ទន្លេសាប (​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់​) និង​អាជ្ញាធរ​ដែនដី បានបញ្ចប់​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់​និយាម​កា​សព្វគ្រប់ និង​ត្រឹមត្រូវ​រួចហើយ​ទៅតាម​ចំនុច​ទីតាំង​នីមួយៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា ខេត្តពោធិ៍សាត់ ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង ៦ អម​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវជាតិ​លេខ ៦ ជាប់​ផ្ទាល់​នឹង​តំបន់​បឹង​ទន្លេសាប ដែលមាន​ស្រុក​ចំនួន ៣ និង​ឃុំ​ចំនួន ១៤ ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​តំបន់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) ។ ជារួម​សកម្មភាព​នៃ​ការដាំ​បង្គោល​ការពារ​ដែន​ព្រៃ​លិច​ទឹក​ព្រំ​តំបន់ ៣ ក្នុង​ខេត្តពោធិ៍សាត់ គិត​មក​ត្រឹម​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ នេះ គឺ​បានសម្រេច​ចំនួន ៣៥ បង្គោល លើ ១៤៦ ចំនុច ស្មើនឹង ២៤% ។