ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប រួមជាមួយលោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងលោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានអញ្ជើញចូលរួម “កិច្ចប្រជុំលើកដំបូង នៃសមាសភាពសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាឆ្នាំ២០២៤” ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។
កិច្ចប្រជុំនេះ មានការចូលរួមពីសមាសភាពសមាជិកគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា នាយកខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការង មន្ត្រីថ្នាក់នាយកដ្ឋាន គ.ទ.ជ.ក និង ឯកឧត្តម លោក លោកស្រី មន្ត្រីអមឯកឧត្តមរដ្ឋមន្ត្រី មានចំនួន៧០រូប។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖
i. ជម្រាបជូនដល់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងអគ្គលេខាធិការក្រសួងស្ថាប័ន ដែលទេីបទទួលបានការតែងតាំងជាសមាសភាព គ.ជ.ទ.ក ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ii. អំពីការងាររបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ (MRC)។
ក្នុងឱកាសដ៏មានតម្លៃនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន គ.ជ.ទ.ក បានលើកឡើងថា គណៈកម្មាជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នសម្របសម្រួលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គសម្រាប់កម្ពុជា បានធ្វើការយ៉ាងជិតសិ្នទ្ធ និងប្រកបដោយកិច្ចសហការល្អជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងទៀតនៅថ្នាក់ជាតិ និងនៅកម្រិតតំបន់ គ.ជ.ទ.ក បានចូលរួមយ៉ាងសកម្ម និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក (ប្រទេសឡាវ ថៃ និងវៀតណាម) និងជាមួយដៃគូសន្ទនា (ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា) ព្រមទាំងដៃគូសហការពាក់ព័ន្ធដទៃទៀត សំដៅការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក និងធនធានធម្មជាតិ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់មេគង្គ ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សមិទ្ធិផលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលសម្រេចបាន គឺបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការគាំទ្រ និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័នជាសមាជិក និងភាគីពាក់ព័ន្ធទាំងអស់សម្រេចបានសមិទ្ធិផលធំៗ ក្នុងការជម្រុញ ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានគោលដៅជាយុទ្ធសាស្ត្រ ដែលបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ៕