ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃព្រហស្បតិ៍ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម, រួមជាមួយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ, ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង និងលោក ហេង បូរាណ ជំនួយការអនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្ថាប័ន ពិភាក្សាពាក់ព័ន្ធនឹងឋបនីយជីវមណ្ឌលបឹងទន្លេសាប ស្របតាមការស្នើសុំរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, ក្រសួងបរិស្ថាន, និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំនេះ គឺមានបំណងស្វែងរកគំនិតរួមគ្នា និងការព្រមព្រៀងជាឯកឆន្ទ ក្នុងការផ្ទេរអង្គភាពលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប ពីការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឱ្យមកស្ថិតក្រោម ការគ្រប់គ្រងរបស់ អាជ្ញាធរទន្លេសាបវិញ ។
ជារួមបន្ទាប់ពីអង្គប្រជុំ ធ្វើការពិភាក្សា និងចូលរួមយោបល់ពីក្រសួងស្ថាប័នជំនាញ ដោយធ្វើការពិនិត្យលើទិដ្ឋភាពបទប្បញ្ញត្តិច្បាប់ និងទិដ្ឋភាពបច្ចេកទេស អង្គប្រជុំ ក៏បានឯកភាពយល់ព្រម ក្នុងការផ្ទេរឋបនីយជីវមណ្ឌលបឹងទន្លេសាប ឱ្យមកនៅក្រោមអាជ្ញាធរទន្លេសាប ដើម្បីឱ្យស្របទៅនឹងបេសកកម្ម និងដែនវិសាលភាពគ្រប់គ្រងរបស់អាជ្ញាធរទន្លេសាប ។ ទន្ទឹមនេះ ត្រូវគិតគូរយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅក្នុងការរៀបចំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ដេីម្បីសុំសេចក្តីសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។
សូមបញ្ជាក់ថា ផ្អែកលើសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី បរិស្ថាន សេដ្ឋកិច្ច សង្គម និងវប្បធម៌បឹងទន្លេសាប ឱ្យស្របតាមលក្ខន្តិក ស្តីពីប្រព័ន្ធឋបនីយជីវមណ្ឌលពិភពលោក, ឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានបង្កើតឡើងស្របតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៧០ ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០១ ។ ចំណែកការបង្កើតឱ្យមានលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប អនុក្រឹត្យលេខ ៩៤ អនក្រ.បក ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០១ ស្ថិតក្រោមគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គឺដើម្បីជួយដល់ការសម្របសម្រួល ពង្រឹងការងារទំនាក់ទំនង និងសហការរវាងក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី និងសង្គមស៊ីវិល ក្នុងកិច្ចការការពារ និងគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប ប្រកបដោយនិរន្តរភាព ។