ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​សមាជិក​អាជ្ញាធរ​ទន្លេសាប​

​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​សមាសភាព​អាជ្ញាធរ​ទន្លេសាប ស្តីពី ការពង្រឹង​យន្តការ​ថែរក្សា ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង នៃ​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​-​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប ដែលជា​អនុប្រធាន អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​សមាជិក​សមាសភាព របស់​អាជ្ញាធរ​ទន្លេសាប រួមជាមួយ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម នៃ​ខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប សរុប​ចំនួន ៥៧​នាក់ ។​

​សូមជម្រាបថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​សមាសភាព​អាជ្ញាធរ​ទន្លេសាប ដែល​បាន​ប្រព្រឹត្តទៅ​នា​រសៀល​នេះ គឺជា​កិច្ចប្រជុំ​លើកដំបូង ស្ថិតក្នុង​ដំណើរការ​ការងារ​អាណ​ត្តិ​ទី ៧ ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស្មារតី​ផ្សារភ្ជាប់​ជាមួយនឹង​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ 

​កិច្ចប្រជុំ​ខាងលើនេះ គឺមាន​គោលបំណង​ពិភាក្សា និង​ពិគ្រោះ​យោបល់ សំដៅ​ប្រមូល​រាល់​គំនិត​យោបល់ និង​ការចែករំលែក​នូវ​បទពិសោធន៍​ការងារ ពី​ថ្នាក់ដឹកនាំ​ដែលជា​សមាជិក​មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ២៨ និង​ខេត្ត​ទាំង ៨ ជុំវិញ​តំបន់​ទន្លេសាប ដែលជា​ធាតុ​ចូល​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុងការ​កំណត់​បាន​នូវ​សកម្មភាព​យុទ្ធសាស្ត្រ​ការងារ​ជា​អាទិភាព ដើម្បី​ចូលរួម​ពង្រឹង​យន្តការ​ថែរក្សា ការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព ។​

​ជារួម​អង្គប្រជុំ​ទាំងមូល បាន​គាំទ្រ​ចំពោះ​យន្តការ​ដំណើរការ​ការងារ​អាជ្ញា​ធរ​ទន្លេសាប ដែល​បាន និង​កំពុង​អនុវត្ត​ផ្ទាល់​ជាមួយនឹង​កិច្ចការ​ការពារ ថែរក្សា និង​គ្រប់គ្រង​ធនធានធម្មជាតិ និង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប និង​បាន​ចូលរួម​នូវ​គំនិត ការ​ផ្តល់យោបល់ និង​ចែករំលែក​បទពិសោធន៍​ល្អៗ ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និត​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស សំដៅ​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​និរន្តរភាព ។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ទន្លេសាប គឺជា​ស្ថាប័ន​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ផ្ទាល់ ក្នុង​បេសកកម្ម​ការងារ​សម្រប​សម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ។ ក្នុងនោះដែរ អាជ្ញាធរ​ទន្លេសាប ក៏មាន​សមាសភាព​ជាស​មា​ជិ​ក មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ចំនួន ២៨ និង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ខេត្ត ២ បន្ថែមទៀត ដែល​ជាប់​តំបន់​ទន្លេសាប ហើយ​ត្រូវបាន​បង្កើតឡើង​ស្របតាម​សេចក្តីសម្រេច​លេខ ២៤៣ សសរ ចុះ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ស្តីពី​ការកែសម្រួល​សមាសភាព របស់​អាជ្ញាធរ​ទន្លេសាប ៕