នៅថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស បញ្ចប់ការចុះផ្សព្វផ្សាយការបោះបង្គោលកំណត់ព្រំតំបន់៣ នៃដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រគរ ស្រុកកណ្តៀង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងស្រុកសូទ្រនិគម ស្រុកជីក្រែង ខេត្តសៀមរាប។
គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយខាងលើ ផ្ដោតសំខាន់លើ ការចុះបោះបង្គោលកំណត់ព្រំតំបន់៣ នៃដែនព្រៃលិចទឹក ទៅកាន់ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលពាក់ព័ន្ធនឹងតំបន់៣ នៃដែនព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ដើម្បីផ្ដល់កិច្ចសហការ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើសារ:សំខាន់នៃបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបាន និងកត្តាប្រឈមនានា ដែលបាន និងកំពុងជះឥទ្ធិពលគម្រាមកំហែងមកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ជាពិសេស សកម្មភាពក្នុងការទន្ទ្រានដីព្រៃលិចទឹកធ្វើកសិកម្ម និងការនេសាទខុសច្បាប់ ជាដើម។
សូមបញ្ជាក់ជូនថា: អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ អធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក បានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ-ព័ត៌មាន និងផែនទី ក្នុងការកំណត់តំបន់១ តំបន់២ និងតំបន់៣ រួមនឹង ការចុះបោះបង្គោលកំណត់ព្រំតំបន់៣ នៃព្រៃលិចទឹក នៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប អោយប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ៕