កាលថ្ងៃចន្ទ ៩រោច ដល់ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ដល់ ៨ ខែមីនា ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារមន្ត្រីនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ចុះសិក្សាស្តីពី សក្តានុពលធនធានទឹកនៅតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
គោលបំណងនៃការចុះសិក្សារួមមាន៖
១. បន្តការតាមដាន និងបច្ចុប្បន្នភាពរបបជលសាស្ត្រ-ឧតុនិយមក្នុងទឹកបឹងទន្លេសាប (១១ស្ទឹង និងបឹងទន្លេសាប)
២. បន្តវាយតម្លៃបរិមាណលំហូរទឹក/ធារទឹកស្ទឹងនៅតាមបណ្តាអាងស្ទឹងជុំវិញបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ
៣. បន្តបច្ចុប្បន្នភាពប្រព័ន្ធធារាសាស្ត្រនៅក្នុងអាងស្ទឹង និងស្វែងរកប្រភពធនធានទឹក លទ្ធភាពប្រើប្រាស់ ព្រមទាំងវាយតម្លៃលើការគ្រប់គ្រងធនធានទឹកនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ។
ជាលទ្ធផលរបស់ក្រុមការងារដែលបានចុះសិក្សាបឋមមានដូចខាងក្រោម:
១- ស្រុកបរិបូណ៌មានប្រព័ន្ធធារាសាស្ត្រខ្នាតធំ មធ្យម និងតូច សរុបចំនួន ៦ ប្រព័ន្ធ ។
២- បច្ចុប្បន្នរបបទឹកស្ទឹងបរិបូណ៌នារដូវប្រាំង ត្រូវបានគោករីងស្ងួតដោយកន្លែង នៅតាមដងស្ទឹង ជាពិសេសផ្នែកខាងក្រោមប្រព័ន្ធធារាសាស្ត្រទំនប់រំហាច និងទំនប់អាចាង ។
៣- ប្រព័ន្ធធារាសាស្ត្រមួយចំនួនត្រូវការស្តារ និងជួសជុលឡើងវិញ ព្រមទាំងសាងសង់បន្ថែម ដើម្បីធានាបាននូវនិរន្តរភាពទឹកស្ទឹងទៅពេលអនាគត ។
៤- ផលប៉ះពាល់លំហូរទឹក និងធារទឹកស្ទឹងដោយផ្ទាល់ និងប្រយោល គឺដោយសារតែការប្រែប្រួលរបបទឹកភ្លៀង និងការប្រែប្រួលអាកាសធាតុ។
៥- ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់សិក្សា ត្រូវបានប្រមូលផលស្ទើររួចរាល់ ឬបានប្រមាណជា ៩០% នៃផ្ទៃដីសរុបក្នុងតំបន់សិក្សា ។
៦- ចំណែកឯ ស្រូវប្រាំងដែលនៅសេសសល់ ឬមិនទាន់ប្រមូលផល គឺស្រូវស្រែធ្វើឡើងក្នុងដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ព្រោះស្រែនៅជិតប្រភពទឹក និងស្រែអាស្រ័យផលមួយចំនួនទៀតនៅក្នុងអាងទឹក ។
៧- បច្ចុប្បន្នមានការទាញយកធនធានរ៉ែខ្សាច់នៅតាមដងស្ទឹង និងខ្សាច់បក ។