លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី នៅ​ខេត្តកំពង់ឆ្នាំង

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច  ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧  ខែមីនា ឆ្នាំ​២០២៤ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ផល​ចាប់ នៃ​ធនធាន​ត្រី ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ត្រឡាច ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​, ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​, ឃុំ​កោះ​ថ្កូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​

​ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ ដែល​ធ្លាប់បាន​បណ្តុះបណ្តាល ដើម្បី​ប្រមូល​ទិន្នន័យ​ដូចជា​: ១/.​ស្ថិតិ​គ្រួសារ​ចេញ​ធ្វើ​នេសាទ​នៅក្នុង​ខែមីនា​,  ២/.​ប្រភេទ​ឧបករណ៍ប្រើប្រាស់​ក្នុងការ​ចាប់​ត្រី​,  ៣/.​ចំនួន​ថ្ងៃ​ចេញ​នេសាទ​ក្នុង​ខែ​,  ៤/.​ផល​ចាប់​មួយ​ឧបករណ៍ ក្នុង​មួយថ្ងៃ​, ៥/.​តម្លៃ​ផល​នេសាទ​គិត​តាម​ប្រភេទ​ត្រី​លេខ​១,២ និង​លេខ​៣, ៦/. ធ្វើការ​ប្រៀបធៀប ផល​នេសាទ​មានការ​កើនឡើង ឬ​ថយចុះ​ទៅនឹង​ឆ្នាំមុន​។​ល​។​

​គម្រោង​/​សកម្មភាព​ខាងលើ​មាន​គោលបំណង​:
- គ្រប់គ្រង​ស្ថិតិ​ផល​នេសាទ តាមបែប​វិទ្យាសាស្ត្រ ដែល​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ចជាតិ​។​
- មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​ជាម​តិ​ថ្នាក់ជាតិ ចំណាប់អារម្មណ៍​កំណត់​គោលនយោបាយ​ក្នុងការ​គ្រប់គ្រង​វិស័យ​ជលផល​ឱ្យមាន​និរន្តរភាព​។​
- មាន​ទិន្នន័យ​សម្រាប់ធ្វើ​ការប្រៀបធៀប​ទៅនឹង​លទ្ធផល​ពី​អតីតកាល​។