នាថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារការិយាល័យនីតិកម្ម ដឹកនាំដោយ លោក សុខ មុនី ប្រធានការិយាល័យ បានចុះអនុវត្តន៍សកម្មភាពសិក្សាពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប សិ្ថតនៅក្នុងភូមិសាស្ត្រឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សកម្មភាពខាងលើ ក្រុមការងារបានជួបសម្ភាសន៍ជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយប្រជាជនដែលមានមុខរបរទ្រទ្រង់ជីវភាពដោយការអាស្រ័យផលលើធនធានធានធម្មជាតិ
២. ជួបសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ពាក់ព័ន្ធនឹងស្ថានភាពទូទៅរបស់តំបន់ ។
ក្នុងការចុះសិក្សានៅតំបន់ខាងលើ ក្រុមការងារ ទទួលបានលទ្ធផល ដូចតទៅ ៖
១. ប្រជាជននៅក្នុងតំបន់សិក្សាមានមុខរបរសំខាន់ៗ ដើម្បីទ្រទ្រង់ជីវភាពរួមមាន ការបង្កបង្កើនផលស្រូវប្រាំង(២ដងក្នុងមួយឆ្នាំ), ដាំឈូក , ការងារនេសាទត្រី , ចូកលៀស , ដងអន្ទង់ នៅតាមដងទន្លេសាប
២. ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់សិក្សាមានបញ្ហាប្រឈមដោយពួកគាត់ មិនមានមុខរបរអ្វីផ្សេងក្រៅពីធ្វើស្រែ និងការធ្វើនេសាទ
៣. កត្តាមួយចំនួនដែលជះឥទ្ធិពលលើជីវភាពរបស់ពួកគាត់រួមមាន
-កត្តាគ្រួសារ : ខ្វះកម្លាំងពលកម្មក្នុងគ្រួសារ(សមាជិកតិច), ជម្ងឺ , និងការអប់រំទាប
- កត្តាធម្មជាតិ : មានគ្រោះរាំងស្ងួត, សត្វចង្រៃបំផ្លាញស្រូវ, និងការថយចុះធនធានធម្មជាតិ(ត្រី លៀស)
- កត្តាសង្គម : ថ្លៃកសិផលមិនមានស្ថេរភាព, ខ្វះបច្ចេកទេសកសិកម្ម, និងការចំណាយច្រើនទៅការព្យាបាលសុខភាព ។
៤. ប្រជាជនក្នុងតំបន់សិក្សាមានតម្រូវការចំបាច់មួយចំនួនដើម្បីជម្រុញជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើង
- ជួយផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប
- ជួយអោយស្រូវមានតម្លៃសមរម្យ
- បញ្ចុះតម្លៃធាតុចូលកសិកម្ម
- ជួយបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម
- កសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្របន្ថែមទៀត ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាពីស្ថានភាពរស់នៅរបស់ប្រជាជនលើការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាបមានគោលបំណង ១).កំណត់ពីសក្តានុពលធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ២). វាយតម្លៃពីកត្តាផ្សេងៗ ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន និង៣). វិភាគពីតម្រូវការរបស់ប្រជាជនរស់នៅតំបន់បឹងទន្លេសាប ។