នាថ្ងៃចន្ទ ១០កើត ដល់ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ខ្វាន់ ភត្ត្រា អនុប្រធាននាយកដ្ឋាននាយកដ្ឋាន ធនធានធម្មជាតិ តំណាងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចូលរួមទស្សនកិច្ច ឋបនីយជីវមណ្ឌលបឹងទន្លេសាប ព្រែកទាល់ និងកិច្ចពិគ្រោះយោបល់ផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប សិ្ថតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ដំណើរទស្សនកិច្ច និងកិច្ចពិគ្រោះយោបល់នេះមានគោលបំណង ដើម្បីស្វែងយល់ពីបញ្ហាប្រឈមលើបរិស្ថាន ជីវៈចម្រុះ ការគ្រប់គ្រងសំណល់រឹង និងរាវ ទឹកស្អាតនិងអនាម័យ និងដើម្បីប្រមូលមតិយោបល់ពីសហគមន៍ អង្គការដៃគូពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ដើម្បីប្រមូលធាតុចូលសម្រាប់កសាងផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប ២០២៤-២០២៨។
ជាមួយនឹងកិច្ចពិគ្រោះយោបល់លើផែនការយុទ្ធសាស្ត្រនេះ ត្រូវបានកំណត់របៀបវារៈជាអាទិភាពលើប្រាំមួយចំណុច៖ (១) អភិបាលកិច្ចនិងការគ្រប់គ្រង, (២) ការបំពុលបរិស្ថាន (៣) ធនធានធម្មជាតិ និងជីវៈចម្រុះ (៤) ជីវភាពរស់នៅ (៥) ជលសាស្ត្រ និង(៦) ការគ្រប់គ្រងការប្រើប្រាស់ដី ដោយប្រើវិធីសាស្ត្រការវិភាគ SWOT (ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគម្រាមកំហែង )
ជាលទ្ធផលសង្ខេបសំខាន់បឋមមានដូចតទៅ៖
- ភាពខ្លាំង៖ ឯកសារគតិយុត្តនានាគាំទ្រឋបនីយជីវមណ្ឌលបឹងទន្លេសាប, ទីជម្រកដែនសត្វស្លាប និងជីវៈចម្រុះធំជាងគេនៅអាស៊ីអាគ្នេយ៍ ។ល។
- ភាពខ្សាយ៖ ខ្វះទឹកស្អាត, ខ្វះសមាហរណកម្មផែនការយុទ្ធសាស្ត្រ ពីអន្តរភាគីពាក់ព័ន្ធ, ការអនុវត្តភារកិច្ចត្រួតស៊ីគ្នា ដោយមិនទាន់បានចែករំលែកទិន្នន័យ ព័ត៌មាន និងសកម្មភាព, ការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រងសំណល់រឹងរាវ។ល។
- ឱកាស៖គោលនយោបាយគាំទ្ររាជរដ្ឋាភិបាលច្បាស់លាស់, នឹងមានឱកាសរៀបចំផែនការយុទ្ធសាស្ត្ត្ររួមគ្នាគ្រប់ជ្រុងជ្រោយ, បង្កើតមុខរបរ និងការងារដល់ប្រជាសហគមន៍ ។ល។
- ការគម្រាមកំហែង៖ ការកាប់ទន្ទ្រាន និងដុតព្រៃលិចទឹក, ការប្រែប្រួលរបបជលសាស្ត្រ, ការថយចុះបរិមាណនិងពូជជីវៈចម្រុះ ។ល។