ក្រុមការងារ​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល នៅ​ខេត្តពោធិ៍សាត់​

​នា​ថ្ងៃ​អង្គារ ៤​កើត ដល់​ថ្ងៃ​សៅរ៍ ៨​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក អ៊ូ  ទូច ប្រធានការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កំពង់​លួង  ស្រុក​ក្រគរ​, ឃុំ​កញ្ជរ  និង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។​

​ការចុះ​សិក្សា​នេះ ក្រុមការងារ​បានធ្វើកា​រ​ចុះ​ជួប​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ដែនដី​
២. សម្ភាសន៍​ជាមួយ​ប្រជា​នេសាទ​
៣. សម្ភាសន៍​ជាមួយ​អាជីវក​រទិញ​-​លក់​ត្រី ត្រី​នុយ និង​សិប្បីសត្វ​
៤. ជួប​សម្ភាសន៍​ជាមួយ​អ្នក​ចឹ​ញ្ចឹ​ម​ត្រី​។​

​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​រកឃើញថា ៖
១. បានធ្វើ​ការសិក្សា​តាមដាន​នៅ​ច្រក​សំខាន់ៗ​ចំនួន ៣ ច្រក គឺ​នៅ​ច្រក​កំពង់​លួង ស្ថិតនៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ  ច្រក​ព្រែក​ត្របែក ស្ថិតនៅ​ឃុំ​កញ្ជរ និង​ច្រក​រាំង​ទិល ស្ថិតនៅ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ។​
២. មាន​ការធ្វើ​អាជីវកម្ម​ត្រី​ជា​មធ្យម​ប្រមាណ ៥.៧០០​គ​.​ក្រ​/​ថ្ងៃ និង​សរុប​ប្រមាណ ២៨.៥០០​គ​.​ក្រ​/៥​ថ្ងៃ ។​
-  មាន​ការធ្វើ​អាជីវកម្ម​ត្រី​នុយ​ជា​មធ្យម​ប្រមាណ ៣.៧៥០​គ​.​ក្រ​/​ថ្ងៃ និង​សរុប​ប្រមាណ ១៨.៧៥០​គ​.​ក្រ​/៥​ថ្ងៃ ។​
-  មានការ​ធ្វើ​អាជីវកម្ម​សិប្បីសត្វ​ជា​មធ្យម​ប្រមាណ ៥.៦០០​គ​.​ក្រ​/​ថ្ងៃ និង​សរុប​ប្រមាណ ២៨.០០០​គ​.​ក្រ​/៥​ថ្ងៃ ។​
-  វា​រី​វប្បករ បានដាក់​ចិញ្ចឹម​ត្រី​ប្រមាណ ៨.០០០ ទៅ ១០.០០០​ក្បាល​/​ស្រះ ឬ បែរ ទំងន់​ត្រី​បច្ចុប្បន្ន​ចន្លោះ​ពី ០.៥ ទៅ ០.៨​គ​.​ក្រ​/​ក្បាល ជាទូទៅ​គាត់​បាន​ប្រើ​ចំណី​ប្រមាណ ១៥០ ទៅ ២០០​គ​.​ក្រ​/​ថ្ងៃ ។​

៣. ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ និង​សិប្បីសត្វ​នៅក្នុង​ខេត្តពោធិ៍សាត់ មាន​ប្រភព​មកពី​ការនេសាទ​ក្នុង​បឹង​ទន្លេ​សាទ បឹង​ទន្លេ​ឆ្មារ នៃ​ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ការធ្វើ​វារីវប្បកម្ម និង​ត្រី​នាំចូល​ពី​ក្រៅប្រទេស ។​
៤. សម្រាប់​ត្រី ត្រី​នុយ និង​សិប្បីសត្វ អ្នកនេសាទ​ដឹក​យកមក​លក់​នៅ​មាត់ទឹក​ទៅអោយ​ឈ្មួញកណ្តាល ឈ្មួញកណ្តាល លក់រាយ ឬ បោះ​ដុំ​ក្នុង​តំបន់ និង​ដឹកជញ្ជូន​ទៅ​លក់​បន្ត​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ។ ត្រី​នុយ​ជា​ប្រភេទ​ត្រី​តូចៗ និង​ចម្រុះ​ច្រើន​ប្រភេទ ។​
-  តម្លៃ​ត្រី​ស្រស់​មានតម្លៃ​ចន្លោះ​ពី ២.០០០ ទៅ ៥០.០០០៛/​គ​.​ក្រ ត្រី​នុយ ១.៥០០ ទៅ ២.០០០៛/​គ​.​ក្រ លៀស ២០០  ទៅ ២.០០០៛/​គ​.​ក្រ ខ្ចៅ ១.០០០ ទៅ ២.០០០៛/​គ​.​ក្រ និង​ខ្យង ២.០០០ ទៅ ៥.០០០៛/​គ​.​ក្រ ។​
៥. នៅក្នុង​ទីតាំង​ច្រក​ឡើង​ត្រី​ទាំងបី​កន្លែង​នេះ​មានការ​ប្រែប្រួល​ទាំង​បរិ​មាណនៃ​ការធ្វើ​អាជីវកម្ម និង​តម្លៃ​ជាប្រចាំ អាស្រ័យ​លើ​ស្ថានភាព​ទៅតាម​រដូវ​កាល និង​ការចុះ​បង្ក្រាប​បទល្មើសរ​បស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ។​
៦. ផល​វិជ្ជមាន​: នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ បង្កើន​ប្រាក់ចំណូល​ប្រចាំថ្ងៃ មាន​តម្រូវ​ការបរិភោគ​ខ្ពស់ បំពេញតម្រូវការ​ក្នុង​ការធ្វើ​វារីវប្បកម្ម កែច្នៃ​ជា​ចំណី​សត្វ កាត់បន្ថយ​ការនាំ​ចូល​ត្រី​ត្រី​នុយ​ពី​ប្រទេសក្រៅ និង​បំពេញតម្រូវការ​នាំចេញ​ទៅ​ក្រៅប្រទេស​។ 
- ផល​អវិជ្ជមាន​: កំណើនប្រជាជន​តាម​តំបន់​ធ្វើអោយ​កើនឡើង​ចំនួន​អ្នកនេសាទ ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បានធ្វើឱ្យ​ធនធាន​ត្រី និង​សិប្បីសត្វ​ថយចុះ ធ្វើអោយប៉ះពាល់​ជម្រក កន្លែង​ពង​កូន ប្រភព​ចំណី ចំនួន​មេ​ពូជ​ថយចុះ និង​ប៉ះពាល់​ដល់​គុណភាព​ទឹក កាលណា​បរិមាណ នៃ​ប្រភេទ​ធនធានធម្មជាតិ​ថយចុះ​នឹងធ្វើ​អោយ​តម្លៃ​របស់​វា​ឡើងថ្លៃ​ជាង​មុន បើសិនជា​ត្រី​ក្នុង​បឹង​ទន្លេសាប​ថយចុះ ការធ្វើ​វារីវប្បកម្ម​ក្នុងស្រុក​តិច មិនអាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​គ្រប់គ្រាន់ នឹងមាន​ការនាំ​ចូល​ត្រី​ពី​ប្រទេសក្រៅ​កាន់តែ​ច្រើនជាង​មុន ។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​តាមដាន វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ សិប្បីសត្វ និង​ចរន្ត​ទីផ្សារ​តាម​ច្រកចេញ​-​ចូល នៅ​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អាជ្ញាធរ​ទន្លេសាប ។​
សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
-  សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប 
-  សិក្សា​ពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​
-  សិក្សា​ចរន្ត​ទីផ្សារ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​
-  សិក្សា​ពី​ផលប៉ះពាល់ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ ។