លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ដឹកនាំ​ក្រុមការងារ ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន នៅ​ខេត្តកំពង់ធំ​

នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ លោក អុល សុជាតិ ប្រធានការិយាល័យ​សម្រប​សម្រួល​វិវាទ បាន​ចុះ​អនុវត្តន៍​សកម្មភាព​ស​ម្រ​ប​សម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ នៅក្នុង​ខេត្តកំពង់ធំ ។​
ក្នុងពេល​បំពេញការងារ​អនុវត្តន៍​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ  និង​អាជ្ញាធរ​មូលដ្ឋាន ដូចជា ៖ 
១/. ជួបពិភាក្សា​ស្វែងយល់ និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ជាមួយនឹង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត 
២/. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​រដ្ឋបាល​ឃុំ​ត្រពាំង​ឬ​ស្សី និង​រដ្ឋបាល​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​
៣/. ជួបពិភាក្សា និង​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន​ជាមួយ​សហគមន៍​នេសាទ​ឧកញ៉ា​មហា​ព​ពាយ​។​

​ជាមួយនឹង​ការអនុវត្ត​សកម្មភាព​ក្នុង​តំបន់​សិក្សា​ខាងលើ ជា​លទ្ធផល​បឋម ទទួលបាន​ដូចខាងក្រោម ៖ 
១. ការតាមដាន​ការអនុវត្ត​ការងារ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​
- សមត្ថភាព និង​ការយល់ដឹង​ពី​គោលការណ៍ តួនាទី​ភារកិច្ច រួម​នឹង​ការសម្របសម្រួល និង​ការគ្រប់គ្រង ថវិកា សម្ភារ​គម្រោង របស់​គណៈកម្មការ​ស​ហគ​មន៍​នេសាទ​ឧកញ៉ា​មហា​ព​ពាយ មាន​កម្រិត​ល្អ​
- មាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អ ជាមួយ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ ដៃគូ​អភិវឌ្ឍ 
- មានការ​ចូលរួម​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​សកម្មភាព​ចេញ​ល្បាត​ញឹកញាប់ ការផ្តល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ និង​ការដាំ​/​ថែទាំ​ព្រៃ​លិច​ទឹក​ក្នុង​សហគមន៍​
- មានការ​គាំទ្រ​ផ្នែក​ថវិកា​ចំនួន ៤​លាន​រៀល ក្នុង ១​ឆ្នាំ​​តាមរយៈ​គម្រោង CAPFISH-Capture ក្រោម​ការសម្របសម្រួល​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​

២. ករណី​វិវាទ​ផលប្រយោជន៍​ក្នុង​សហគមន៍ 
- វិវាទ​លើ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ការ​លបលួច​ចូល​នេសាទ​ក្នុង​ដែន​អភិរក្ស​សហគមន៍​
- វិវាទ​ដី​អាស្រ័យ​ផល របស់​ប្រជាពលរដ្ឋ​ចំនួន ២២៨ គ្រួសារ នៅក្នុង​ដែន​សហគមន៍​នេសាទ (​ស្ថិតនៅក្នុង​តំបន់​២)

៣. យន្តការ​ដោះស្រាយ​វិវាទ​
- ធ្វើការ​សម្របសម្រួល អប់រំ​/​ណែនាំ ដល់​អ្នកប្រព្រឹត្ត​ល្មើស​ក្នុង​កម្រិត​ស្រាល​
- អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បាប់ ចំពោះ​បុគ្គល​/​ក្រុម​ដែល​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ​
- ធ្វើការ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ទូលំទូលាយ​
- រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ បានធ្វើការ​ប្រជុំពិភាក្សា លើ​ករណី​វិវាទ​ដី​អាស្រ័យ​ផល​ប្រជា​ពល​ដ្ឋ​ទាំង ២២៨ គ្រួសារ នៅក្នុង​ដែន​សហគមន៍ ។​

​សូម​ជម្រាបជូន​ថាៈ សកម្មភាព​នៃ​ចុះ​សិក្សា​លើ​ប្រធានបទ សម្របសម្រួល និង​តាមដាន​ទំនាស់​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ មាន​គោលបំណង ដើម្បី​បង្កើន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​ការយល់ដឹង​ពី​ដំណើរការ​នៃ​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ធនធានធម្មជាតិ រួមទាំង​ការចែករំលែក​នូវ​ទិន្នន័យ​-​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើតមានឡើង​ក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ​វិវាទ​ផលប្រយោជន៍​ពី​ការទាញយក​ធន​ធន​ធម្មជាតិ នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សម្រាប់​ភាពជោគជ័យ​ក្នុង​កិច្ចការពារ និង​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ប្រកបដោយ​ចីរភាព​៕