ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក នៅ​ភូមិសាស្ត្រ​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង

​នៅ​ថ្ងៃ​សុក្រ ១​រោច ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២៤ ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ចុះ​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់ និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង តាម​ស្មារតី​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ។​

​ដំណើរការ និង​លទ្ធផល​របស់​ក្រុមការងារ​សម្រេចបាន ៖ 
- ជួបប្រជុំ​ផ្សព្វផ្សាយ អំពី​ដំណើរការ និង​គោលបំណង​នៃ​បេសកកម្ម​របស់​ក្រុមការងារ និង​ផែន​ការចុះអនុវត្ត​ផ្ទាល់​ដល់ទី​តាំង ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ស្រុក អាជ្ញាធរ​ឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ និង​ធ្វើ​កំណត់ហេតុ​លើ​លទ្ធផល​ចុះ​អធិការកិច្ច​នេះ​ផងដែរ ។​- ចុះ​ដល់ទី​តាំង និង​ពិនិត្យ​ស្ថានភាព​បង្គោលព្រំ​តំបន់​៣ នៅ​ឃុំ​ពាម​ឆ្កោក ។​
- ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់ និង​អាស្រ័យ​ផល នៅ​ឃុំ​ពាម​ឆ្កោក ។ 
- បាន​ចុះ​ដល់​ចំនុច​ព្រែក​កំពង់​តា​អួរ​, ជ្រុង​ត្រែង​, ទំនប់​ឆ្តោ​, ចុង​ខ្សាច់​, ទួល​វាល​ស្រ​ង៉ែ​, វាល​សំណាប​, ព្រែក​ប្រណាក​, បាក់​កាំភ្លើង​, ព្រែក​អញ្ចាញ​, ព្រែក​ធំ​, ក្រោយ​ភូមិ​ក្បាល​ក្រឡង់​, កោះ​រការ និង​ស្តី​ដក់​គង ។ 

​ជាការ​កត់សំគាល់ ៖  
- បង្គោល​ព្រំដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ ស្ថិតក្នុង​ឃុំ​ពាម​ឆ្កោក បាន​បោះ​ចំ​ទី​តាង ក្នុងនោះ​មាននៅ​ឈរ​ត្រង់​ល្អ​ភាគច្រើន មួយចំនួន​ដួលរលំ និង​បាត់​មួយចំនួន​ផងដែរ ។ 
- ផ្ទៃដី​ក្នុង​ដែន​ព្រៃ​លិច​ទឹក​តំបន់ ៣ នៅតែមាន​ប្រជាពលរដ្ឋ​បន្ត​ចូល​ប្រើប្រាស់ អាស្រ័យ​ផល និង​ទន្ទ្រាន​ថ្មី នៅ​តំបន់​ខ្លះ និង​មាន​ករណី​ជីក​ស្រះ​ចិញ្ចឹម​ត្រី ជីក​យក​អាចម៍ដី និង​ប្រឡាយទឹក ទោះបី​មានការ​ហាមឃាត់​តឹងរឹង​ពី​អាជ្ញាធរ​ដែនដី​ក៏ដោយ ។ 

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ក្រុមការងារ​ជំនាញ​បច្ចេកទេស​ដឹកនាំ​ដោយ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប​នឹង​បន្ត​ចុះ​សិក្សា​បន្ថែមទៀត​រហូត​ប​ញ្ច​ប់​តាម​ផែនការ​គ្រោងទុក ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​សំខាន់​ដើម្បី ៖
- តាមដាន ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់ ៣ 
- សហការ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ដើម្បី​ចុះ​អធិការកិច្ច​លើ​រាល់​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ពិនិត្យ ជួសជុល និង​ថែទាំ ឬ ដាំ​បង្គោលព្រំ និង​ស្លាក​សញ្ញា​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​
- ចូលរួម​គ្រប់​សកម្មភាព​ការពារ​ធនធានធម្មជាតិ ពិសេស​ព្រៃ​លិច​ទឹក និង​ដែន​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕