ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ចុះ​ពិនិត្យ​ទីតាំង​ឈួ​ស​ឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ក្នុង​តំបន់ ៣ នៃ​ខេត្តកំពង់ធំ

​ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០២៤ ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ចុះ​ពិនិត្យ​អធិការកិច្ច​លើ​ទីតាំង ដែល​បាន​ឈួ​ស​ឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ៣ ស្ថិតក្នុង​ភូមិសាស្ត្រ​តំបន់​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រោយពី​ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប ដោយ​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ​ពាក់ព័ន្ធ​ទីតាំង​ឈួ​ស​ឆាយ​ទន្ទ្រាន​ខាងលើ បាន​ពិនិត្យឃើញថា ផ្ទៃដី​ស្ថិតក្នុង​តំបន់ ៣ ត្រូវបាន​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា ធ្វើការ​ឈួ​ស​ឆាយ ដើម្បី​ពង្រីក​ផ្ទៃដី​ស្រែប្រាំង ឬ​ស្រូវប្រដេញទឹក​បន្ថែមទៀត បើទោះបី​តំបន់​នេះ ត្រូវបាន​រាជរដ្ឋាភិបាល បានធ្វើការ​កាត់​ឆ្វៀល​ជូន​កន្លងមក​ក៏ដោយ ។​

​សូមបញ្ជាក់ថា ទីតាំង​តំបន់​ដី​វាល​ក្រោម​ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ធំ កាលពី​ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានធ្វើការ​កាត់​ឆ្វៀល​ផ្ទៃដី​ពី​តប​ន់ ៣ មក​តំបន់ ២ ទំហំ ៣៤ ១៥៩​ហិកតា ៧០​អា ស្មើ ៨ ៦៦១ គ្រួសារ សម្រាប់​អាស្រ័យ​ផល និង​កាត់​ពី​តំបន់ ២ មក​តំបន់ ១ ទំហំ ១៧ ៣៣៩​ហិកតា ៥៦​អា ស្មើ ១០ ៨០៣ គ្រួសារ សម្រាប់​លំនៅដ្ឋាន ។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​ទំហំ​ផ្ទៃដី ដែល​ទទួលរង​ការ​ឈួ​ស​ឆាយ​ទន្ទ្រាន​រួចមក ថ្នាក់ដឹកនាំ និង​ក្រុមមន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប បានរៀបចំ​កំណត់ហេតុ និង​បានអោយ​អាជ្ញាធរខេត្ត ស្រុក និង​ឃុំ​ពាក់ព័ន្ធ​ទីតាំង​ទន្ទ្រាន​នេះ ទទួលស្គាល់ និង​សន្យា​ការពារ​មិនអោយ​មាន​ការដាំដុះ​នៅលើ​ដី​ដែល​បាន​ទន្ទ្រាន​នេះឡើយ បើ​ពុំនោះ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន ហើយក៏​ត្រូវ​បន្តសកម្មភាព​ស្វែងរក​បុគ្គល​ឈ្មួញ ដែល​បាន​ប្រព្រឹត្ត យកមក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ ក្នុងនោះដែរ ត្រូវ​បន្ត​កិច្ចសហការ និង​អនុវត្តតាម​ស្មារតី​នៃ​តួនាទី និង​ការទទួលខុសត្រូវ​ដូច​បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១​។​

​សូមបញ្ជាក់ថា ៖ អាជ្ញាធរ​ទន្លេសាប គឺជា​ស្ថាប័ន​មួយ​ដែលជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ការងារ​សម្របសម្រួល​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប ។ ដោយឡែក​ក្នុង​ស្មារតី​ខ្លឹមសារ​មាត្រា ៤ អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក បាន​ចែងថា អាជ្ញាធរ​ទន្លេសាប​មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច​លើ​សកម្មភាព​ដែន​ព្រៃ​លិច និង​ព្រៃ​លិច​ទឹក រួច​ធ្វើ​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី ដើម្បី​មាន​វិធានការ​សម្រេច​៕