ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតីភាព​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង ស្តីពី​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ការកំណត់​បែងចែក​តំបន់​ជុំវិញ​បឹង​ទន្លេសាប

រាជធានី​ភ្នំពេញៈ នៅ​អាជ្ញាធរ​ទន្លេសាប នា​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែបុស្ស ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤ អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង ស្តីពី​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ការកំណត់​បែងចែក​តំបន់​ជុំវិញ​បឹង​ទន្លេសាប ដឹកនាំ​សម្របសម្រួល​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប និង​ឯកឧត្តម អស់លោក​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, រដ្ឋបាល​ជលផល មាន​ចំនួន​សរុប ៤១​រូប ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង​នេះ មាន​គោលបំណង ដូចខាងក្រោម ៖

  ១. ពិនិត្យ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន ទិន្នន័យ​ឡើងវិញ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ខេត្ត នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប 

  ២. ពិភាក្សា និង​ពិនិត្យ​ព័ត៌មាន ទិន្នន័យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​រៀបចំ​កំណត់​ផែនទី​រួម​តែមួយ ក្នុងការ​បែងចែក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ឲ្យ​បានច្បាស់លាស់ 

  ៣.​ស្វែងរក​ធាតុ​ចូល​ឲ្យ​បាន​ត្រឹមត្រូវ សំដៅ​រក​ការឯកភាព និង​សម្រេចបាន​នូវ​គោល​គំនិត​រួម​តែមួយ អំពី​ការកំណត់​បែងចែក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​/​ស្ថាប័ន និង​រាជរដ្ឋាភិបាល ពិនិត្យ សម្រេច និង​ផ្តល់​អនុសាសន៍​ណែនាំ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ហ៊ែ​ល តូ​នី បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ស្វាគមន៍​ចំពោះ​ឯកឧត្តម អស់លោក​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារ​:​សំខាន់​នា​ព្រឹក​នេះ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ (​អាជ្ញាធរខេត្ត ស្រុក ឃុំ​) ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការចុះពិនិត្យ​ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​, កំពង់ធំ​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ និង​ខេត្តសៀមរាប ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០២៣ មកដល់​ពាក់​កណ្តាលខែ​មករា ឆ្នាំ ២០២៤ ។ 

​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​ទិន្នន័យ និង​ផែនទី​បែងចែក​ដី​ព្រំប្រទល់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់ ១ តំបន់​២ និង​តំបន់​៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ធំ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង និង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​ពិភាក្សា​លើ​លទ្ធផល​វឌ្ឍនភាព​ការ​កាត់​ឆ្វៀល​ផ្ទៃដី​ព្រៃ​លិច​ទឹក​រវាង​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ជលផល​។​

​ជារួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​អន្តរក្រសួង ស្តីពី​ការពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ការកំណត់​បែងចែក​តំបន់​ជុំវិញ​បឹង​ទន្លេសាប បាន​លទ្ធផល និង​ឯកភាព​ជាគោលការណ៍​មួយចំនួន​រួមមាន​៖
១. ទទួលបាន​ធាតុ​ចូល​សំខាន់ៗ និង​ការ​ផ្តល់យោបល់​ល្អៗ ព្រមទាំង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​ក្រសួង​ស្ថាប័ន​/​ជំនាញ​ពាក់ព័ន្ធ​
២. ឯកភាព ទទួលយក​ការពិភាក្សា និង​ពិនិត្យ​ជា​បន្តបន្ទាប់​លើ​ព័ត៌មាន​ទិន្នន័យ​ឲ្យ​បានច្បាស់លាស់ ដើម្បី​រៀបចំ​កំណត់​បានជា​ផែនទី​រួម​តែមួយ ប្រកបដោយ​ត្រឹមត្រូវ​មុននឹង​រៀបចំ​របាយការណ៍​ក្នុងការ​បែងចែក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​/​ស្ថាប័ន និង​រាជរដ្ឋាភិបាល ស្នើសុំ​ការពិនិត្យ សម្រេច និង​ផ្តល់​អនុសាសន៍​ណែនាំ​
៣. ឯកភាព ឲ្យ​មន្ត្រី​បច្ចេកទេស​ក្រសួង​ស្ថាប័ន​ទាំង បី ( អាជ្ញាធរ​ទន្លេសាប​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ជលផល​) បន្ត​ធ្វើការ​រួមគ្នា​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឡើងវិញ​លើ​ព័ត៌មាន ទិន្នន័យ និង​រៀបចំ​ផែនទី​រួម ក្នុងការ​កំណត់​បែងចែក​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ដាក់​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​រួមជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មុននឹង​សម្រេច​ចុងក្រោយ ដាក់ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច 
៤. បន្ត​រក្សា​ស្មារតី​អនុវត្ត​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៩៧ អនក្រ​.​បក ជា​មូលដ្ឋាន ព្រមជាមួយ​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នឹង​ការការពារ​ដែន​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប ក្រោយពី​ការ​កាត់​ឆ្វៀល​ត្រូវបាន​បិទ​បញ្ចប់​ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប 
៥. ក្រសួង​ជំនាញ​ពាក់ព័ន្ធ នឹង​ទទួលយក​នូវ​ទិន្នន័យ​គោល​នេះ ទៅពិនិត្យ​លើ​ឯកសារ​គតិយុត្ត​នានា របស់​អង្គភាព​សា​ម៉ី ដើម្បី​ធ្វេ​ី​ការអភិវឌ្ឍន៍ និង​អភិរក្ស​បរិស្ថាន​ធនធានធម្មជាតិ នៅក្នុង​តំបន់​ជុំវិញ​បឹង​ទន្លេសាប ព្រមទាំង​ចូលរួម​សហការ​មាន​វិធានការ​ការពារ​ដែន​ព្រៃ​លិច​ទឹក​តំបន់​៣ ។​

​គួរ​រម្លឹក​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ក៏បាន​កំណត់​ទំហំ​នៃ​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) និង​និយាម​ការ​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប ព្រមជាមួយ​ការកំណត់​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ច្បាស់លាស់ ក្នុង​ការចូល​រួមការ​ពារ​ដែន​ព្រៃ​លិច​ទឹក (​តំបន់ ៣) ជុំវិញ​បឹង​ទន្លេសាប ។ 

​គួរបញ្ជាក់​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប ជា​អង្គភាព​ថ្នាក់ជាតិ​ដែលមាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ សម្របសម្រួល​ក្នុងការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានាបាន​នូវ​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព​។ ដោយ​ចាប់​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៧ អាជ្ញាធរ​អាង​ទន្លេសាប បាន​ប្តូរ​ឈ្មោះ​ជា​អាជ្ញាធរ​ទន្លេសាប​វិញ​ក្នុង​ឆ្នាំ​២០០៩ ។ អាជ្ញាធរ​ទន្លេសាប​បាន​ដើរតួនាទី​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ៕