នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ក្រុមការងារអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប និង
ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលស្តីទីនៃគណ:អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការចុះពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងតំណាងមន្ទីរ អង្គភាពជំនាញ ព្រមទាំងអាជ្ញាធរដែនដីរដ្ឋបាលថ្នាក់មូលដ្ឋានស្រុក និងឃុំពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យចំនួនសរុប ៥៩នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ែល តូនី បានជម្រាបជូនអង្គប្រជុំ អំពីសារៈសំខាន់ធនធានធម្មជាតិនៃបឹងទន្លេសាប និងបញ្ហាប្រឈមកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងនាពេលបច្ចុប្បន្នដោយកត្តាធំដោយកត្តាមនុស្ស និងកត្តាធម្មជាតិ(បម្រែបម្រួលអាកាសធាតុ) ។ ក្នុងស្មារតីទទួលខុសត្រូវលើដែនសមត្ថកិច្ចរបស់ខ្លួន អាជ្ញាធរទន្លេសាប ជាសេនាធិការឲ្យរាជរដ្ឋាភិបាល រួមជាមួយភារកិច្ចទទួលខុសត្រូវ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ជាពិសេសការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានរៀបចំកិច្ចប្រជុំពិភាក្សានេះឡើង មានគោលបំណង ដើម្បីពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម ៖
១. បង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប
២. ពិភាក្សាលើបញ្ហាពាក់ព័ន្ធ (តំបន់ ១ តំបន់ ២ និងតំបន់ ៣)
៣. ចែករំលែក និងផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ តំបន់១ តំបន់២ និងតំបន់៣ ក្នុងខេត្តបន្ទាយមានជ័យ
៤. រួមសហការពីក្រសួង-ស្ថាប័នជំនាញ ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្នុងការចូលរួមការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថាន តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់បឹងទន្លេសាប
៥. ការរៀបចំផែនការចុះអនុវត្តការងារតាមតំបន់គោលដៅជាក់ស្តែង ក្នុងខេត្តបន្ទាយមានជ័យ។
គួររម្លឹកផងដែរថា អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ដែលបានកំណត់ដែនព្រៃលិចទឹក (តំបន់៣) ខេត្តបន្ទាយមានជ័យ មាន ៤៨ បង្គោលទំហំផ្ទៃដីដែនព្រៃលិចទឹក (តំបន់៣) សរុប ១២,២៩៥ ហិកតា និងលើកផ្ទាំងប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ០៦ ផ្ទាំង បង្គោលប្រវត្តិសាស្ត្រចំនួន ០២បង្គោល។
- នៅឆ្នាំ២០២២-២០២៣ រាជរដ្ឋាភិបាល កាត់ឆ្វៀលផ្ទៃដីតំបន់២ មកតំបន់១ មានចំនួន ៣,៤៩៩.២៦ ហិកតា និងពីតំបន់២ មកតំបន់១ មានទំហំ ៣១៦.០២ហិកតា ។
- ផ្ទៃដីដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ នៅខេត្តបន្ទាយមានជ័យ បានកែសម្រួលពីទំហំ ១២,២៩៥ហិកតា មកនៅត្រឹម ៨,៧៩៥.៧៣ហិកតា បន្ទាប់ពីរាជរដ្ឋាភិបាលកាត់ឆ្វៀលជូនប្រជាពលរដ្ឋជាកម្មសិទ្ធិ(លំនៅឋាន) និងអាស្រ័យផល។
បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរមតិយោបល់ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមក កិច្ចប្រជុំបានឯកភាពគ្នា ដូចខាងក្រោម ៖
1. បន្តកិច្ចសហការរវាងថ្នាក់ខេត្ត មន្ទីរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចុះធ្វើការពិនិត្យផ្ទៀងផ្ទាត់តាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក
2. ផ្ទៀងផ្ទាត់ឡើងវិញនូវចំណុចលម្អៀង នៃទិន្នន័យរបស់អាជ្ញាធរទន្លេសាប និងក្រសួង មន្ទីរជំនាញពាក់ព័ន្ធ
3. ចែករំលែកទិន្នន័យ-ព័ត៌មានរួម និងបច្ចេកទេស រវាងស្ថាប័នពាក់ព័ន្ធ
4. ការរៀបចំផែនការចុះអនុវត្តការងារតាមតំបន់ជាក់ស្តែង
5. ទទួលបានការយល់ដឹងពីសកម្មភាព និងការងារស្នូលរបស់អាជ្ញាធរដែនដីក្នុងការចូលរួមអនុវត្តន៍ទប់ស្កាត់ និងការការពារតំបន់ព្រៃលិចទឹក ធនធានជលផល ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងដែនសមត្ថកិច្ច
6. បន្តអនុវត្តតាមស្មារតីខ្លឹមសារអនុក្រឹត្យលេខ ១៩៧ ។
សូមជម្រាបជូនផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម អនុប្រធានក្តាប់រួម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងទីតាំងដែនដីកាត់ឆ្វៀលតំបន់២ ស្ថិតនៅភូមិសាស្ត្រចំណុចបឹងដង្កៀបក្តាមមានជ័យ និងតំបន់កំព្រីងធំ និងផ្ទាំងប៉ាណូផែនទីបង្ហាញព្រំប្រទល់ព្រៃលិច ចន្លោះបង្គោលលេខ ៣៦៥ ដល់ ៣៦៦ ក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕