លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​របាយការណ៍​លទ្ធផល​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ នៅ​សណ្ឋាគារ​ភ្នំពេញ

​នា​ថ្ងៃ​ពុធ ៨​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២៣ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប ត្រូវបាន​ចាត់​អោយទៅ ចូលរួម​ពិធី​ប្រកាស​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​លទ្ធ​ផល​អង្កេត​កសិកម្ម​កម្ពុ​ជា​ឆ្នាំ ២០២១ ។​

​គោលបំណង​សំខាន់ នៃ​ការផ្សព្វផ្សាយ​រួមមាន​៖ 
១. សាវតា​នៃ​គម្រោង​អង្កេត​កសិកម្ម​កម្ពុជា ២០២១
២. ការប្រមូល​ចងក្រង​ព័ត៌មាន ទិន្នន័យ និង​វិធីសាស្ត្រ​វាយតម្លៃ 
៣. ការរៀបចំ​របាយការណ៍​ស្ថិតិ​អង្កេត​កសិកម្ម​កម្ពុជា 
៤. ការរៀបចំ​ផែនទី​ស្ថិតិ​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ ។​

​លទ្ធផល​នៃ​ពិធី​ប្រកាស​ផ្សព្វផ្សាយ ស្តីពី​របាយការណ៍​លទ្ធ​ផល​អង្កេត​កសិកម្ម​បាន​ផ្តោតលើ​៖ 
១. វិធីសាស្ត្រ និង​ទិដ្ឋភាព​ទូទៅ​ពី​សារៈសំខាន់​នៃ​ស្ថិតិ​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ (​ផលិតកម្ម​ដំណាំ​, ការចិញ្ចឹម​បសុសត្វ និង​បក្សី​, វារីវប្បកម្ម និង​នេសាទ​, កម្លាំង​ពលកម្ម និង​សេដ្ឋកិច្ច​)​។​
២. ការផ្សព្វផ្សាយ​ព័ត៌មាន និង​បច្ចេកវិទ្យា​កសិកម្ម ដើម្បី​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​លើកកម្ពស់​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព ។​
៣. សម្រេច​អោយបាន​សមភាព​យេនឌ័រ និង​កុមារ​។​
៤. របាយការណ៍​អង្កេត​កសិកម្ម​ឆ្លុះបញ្ចាំង​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ។​
៥. ការដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ពី​លទ្ធផល​របាយការណ៍​អង្កេត​កសិកម្ម ដើម្បី​ជួយ​ការកាត់បន្ថយ និង​បញ្ចប់​ភាពក្រីក្រ​នៅ​កម្ពុជា និង​សកល ។​

​សូម​ជម្រាបជូន​ថា ៖ ពិធី​ប្រកាស​ផ្សព្វផ្សាយ​ស្តីពី​របាយការណ៍​លទ្ធផល​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ ២០២១ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​លោកស្រី Rebekah Bell តំណាង​អង្គការ​ស្បៀង និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ព្រមទាំង​អញ្ជើញ​ចូលរួម​មកពី​តំណាង​ក្រសួង​-​ស្ថាប័ន ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, អាជ្ញាធរ​ទន្លេសាប អង្គការក្រៅរដ្ឋាភិបាល អង្គការ​ជាតិ និង​អន្តរជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ និង​ដៃគូ​ផ្សេងៗ និង​ជំនាញការ​ជាតិ និង​អន្តរជាតិ សរុប​ចំនួន​ប្រមាណ ១០០​រូប ។