រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ប៊ូ សុភ័ស្ត អនុប្រធានការិយាល័យធនធានទឹក នៃនាយកដ្ឋានធនធានធម្មជាតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការពង្រឹងការគ្រប់គ្រងហានិភ័យ និងរាំងស្ងួត នៅអាងទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖ ១. បង្ហាញ និងចែករំលែកលទ្ធផលស្រាវជ្រាវនៃគម្រោង HEIP-ITC-SGA #19 ដោយរួមបញ្ចូល ការវាយតម្លៃទឹកជំនន់ ការព្យាករណ៍ទឹកជំនន់ ព្រមទាំងការវាយតម្លៃ និងការគ្រប់គ្រងគ្រោះរាំងស្ងួត។
២. ចែករំលែកពីតួនាទី និងមុខងារនៃស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ព្រមទាំងមានការផ្តល់ជាប្រភពព័ត៌មានដែលទាក់ទងនឹងការវាយតម្លៃ និងការព្យាករណ៍គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
៣. ពិភាក្សាអំពីផលប៉ះពាល់ដែលបានរកឃើញ និងគម្លាតយន្តការសម្រាប់គោលនយោបាយ ការអនុវត្ត និងការសហការនាពេលអនាគតសម្រាប់ការប្រតិបត្តិការស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិទាំងនេះ។
៤. ជំរុញកិច្ចសហប្រតិបត្តិការ និងបណ្តាញរវាងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម (MOWRAM), គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM), ក្រសួងបរិស្ថាន(MoE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងសាធារណៈការ និងដឹកជញ្ជូន(MPWT), ក្រសួងអភិវឌ្ឍន៍ជនបទ(MRD), អាជ្ញាធរទន្លេសាប(TSA), មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ, វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI), អ្នកស្រាវជ្រាវ និងនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), និងសមាជិកនៃគម្រោង HEIP-ITC-SGA#19 សរុបអ្នកចូលរួមមានចំនួន ៤០នាក់។