នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានរៀបចំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប ក្រោមការដឹកនាំដោយប្រធានក្រុមការងារទទួលខុសត្រូវប្រចាំតាមមុខព្រួញ ដែលជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដើម្បីត្រៀមលក្ខណៈកិច្ចការបច្ចេកទេស ក្នុងការដាក់ផែនការចុះផ្សព្វផ្សាយ និងចុះអនុវត្តន៍តាមដានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់និយាមកាបង្គោលព្រំការពារដែនព្រៃលិចទឹក និងតំបន់កាត់ឆ្វៀល ក្នុងតំបន់ ១ តំបន់ ២ និងតំបន់ ៣ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
សូមជម្រាបថា : (1). ប្រធានក្រុមការងារទទួលបន្ទុកផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្ត ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធ ដឹកនាំដោយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ នៃអាជ្ញាធរទន្លេសាប, (2). ប្រធានក្រុមការងារទទួលបន្ទុកប្រចាំមុខព្រួញផ្លូវជាតិលេខ ៦ ដឹកនាំដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប និង (3). ប្រធានក្រុមការងារទទួលបន្ទុកប្រចាំមុខព្រួញផ្លូវជាតិលេខ ៥ ដឹកនាំដោយឯកឧត្តម ជា សុខនី អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប ។
សូមបញ្ជាក់ថា : អាជ្ញាធរទន្លេសាប បានបង្កើតក្រុមការងារចុះពិនិត្យតាមដាន និងអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកស្ថិតក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប (ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងខេត្តកំពង់ធំ) ដែលរាជរដ្ឋាភិបាលបានឆ្វៀលចេញពីដែនព្រៃលិចតំបន់៣ មកតំបន់២ និង. ពីតំបន់២ មកតំបន់១ នៃអនុក្រឹត លេខ ១៩៧ អនក្រ.បកចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១១ ដែលមានដែនទំហំ ៦៤៧,៤០៦ហិកតា ជូនប្រជាពលរដ្ឋ អាស្រ័យផល និងតាំងទីលំនៅ ។ ក្រុមការងារ បាន និងកំពុងបន្តអនុវត្តន៍តួនាទីភារកិច្ច ក្នុងការប្រមូលផ្ទៀងផ្ទាត់ទិន្នន័យ ព័ត៌មានជាក់លាក់ ដើម្បីពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិនៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប និងធ្វើការផ្សព្វផ្សាយបង្កើនការយល់ដឹងពីសារប្រយោជន៍ធនធានធម្មជាតិ និងចូលរួមកិច្ចការការពារ ធនធានធម្មជាតិបឹងទន្លេសាបប្រកបដោយចីរភាព។