ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម សាន់ យូ អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ឆ្នាំង

​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​១១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ក្តាប់​រួម ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក  តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ប្រតិភូ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស នៃ​អាជ្ញាធរ​ទន្លេសាប ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រុមការងារ​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​បច្ចេកទេស​សាលាខេត្ត​កំពង់ឆ្នាំង​, មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ឆ្នាំង និង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ពាក់ព័ន្ធ នៃ​ស្រុក​/​ឃុំ​/​ភូមិ​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ឆ្នាំង ចំនួន ៧៧​នាក់​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​លេ​ី​ចំនុច​មួយចំនួន​ដូចខាងក្រោម ៖
១- លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣)
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់​១, តំបន់​២ និង​តំបន់ ៣ ក្នុង​ខេត្តកំពង់ឆ្នាំង​
៤- កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង ក្នុងការ ចូលរួម​ការពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់ ១ តំបន់ ២ និង​តំបន់ ៣
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ឆ្នាំង ។ 

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
១. អង្គប្រជុំ បាន​យល់ស្រប បន្ត​កិច្ចសហការ រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វេ​ី​ការពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ។​
២. ផ្ទៀងផ្ទាត់​ចំណុច​លម្អៀង នៃ​ទិន្នន័យ របស់​អាជ្ញាធរ​ទន្លេសាប និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តកំពង់ឆ្នាំង ។​
៣. ឯកភាព​ប្រើប្រាស់​ទិន្នន័យ​ផែនទី របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​គោល ។ រាល់​ទិន្នន័យ​ដែល​ពាក់ព័ន្ធ គឺអាច​ស្នើសុំ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​។​
៤. ឯកភាព​ចែករំលែក​ទិន្នន័យ ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ ។​
៥. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តកំពង់ឆ្នាំង ។​
៦. អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ទន្លេសាប បានចេញ​សេចក្ដីសម្រេច​លេខ ២៣៦ អ​ទស  នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​តាមដាន​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​) ។