ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​វិស័យ​ធនធានទឹក ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT)​

​ដោយ​ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប តប​តាម​ការគោរព​អញ្ជើញ​របស់​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ។ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​ការងារ​វិស័យ​ធនធានទឹក ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT)  ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី ខេត្តសៀមរាប ។​

កម្មវិធី​នេះ រៀបចំ​ដោយ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ក្នុង​គម្រោង​កសាង​សមត្ថភាព​ឧ​ត្ត​មសិ​ក្សា ERSMUS+ EBHE INOWASIA ដែល​ផ្តោតលើ​នវានុវត្តន៍ ការអភិវឌ្ឍ​កម្មវិធី​អប់រំ​សម្រាប់​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​លើ​វិស័យ​ធនធានទឹក​ឈានមុខ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ សន្និសីទ​អន្តរជាតិ​នេះ​មានការ​ចូលរួម​ពី​អ្នកស្រាវជ្រាវ​ថ្នាក់ជាតិ ប្រទេស​ក្នុង​អនុតំបន់​មេគង្គ និង​អន្តរជាតិ រួមជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​របស់​រាជ​ររ​ដ្ឋា​ភិ​បាល ។​

​សន្និសីទ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន ៣ រួមមាន ៖
•  ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ការស្រាវជ្រាវ និង​កាលានុវត្តភាព​លើ​វិស័យ​ធនធានទឹក​និង​បរិស្ថាន​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​
•  ផ្តល់ឱកាស​សម្រាប់​អ្នកស្រាវជ្រាវ​ក្នុង​តំបន់ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​អាច​ផ្លាស់ប្តូរ​ចំណេះដឹង ឧ​ត្ត​មា​នុ​វត្ត និង​ដំណោះស្រាយ​បែប​វិទ្យាសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទឹក និង​បរិស្ថាន​ក្នុង​តំបន់​
•  កំណត់​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កម្មវិធី​អប់រំ ស្រាវជ្រាវ និង​នវានុវត្តន៍​ពាក់ព័ន្ធ​នឹង​ទឹក និង​បរិស្ថាន​នាពេល​អនាគត ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០​។ 

​សន្និសីទ​បានរៀបចំ​ជា ៤​ផ្នែក សំខាន់ៗ​ដូចជា ៖ 
​ផ្នែក​ទី ១/. កម្មវិធី​អប់រំ​ការច្នៃប្រឌិត​ចម្រុះ​សម្រាប់​លើ​វិស័យ​ការងារ​ទឹក​
​ផ្នែក​ទី ២/. សហប្រតិបត្តិការ​សាក​ល​វិទ្យាល័យ​-​ឧស្សាហកម្ម​ដើម្បី​លើកកម្ពស់​ការអប់រំ និង​ការស្រាវជ្រាវ​ក្នុង​វិស័យ​ទឹក 
​ផ្នែក​ទី ៣/. និរន្តរភាព​បរិស្ថាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​បញ្ហា​ប្រឈម​ការគ្រប់គ្រង​ទឹក​
​ផ្នែក​ទី ៤/. មុខងារ​អេកូឡូស៊ី និង​ការអភិរក្ស​ជីវៈចម្រុះ​ដែល​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​សកល ។​

​ក្នុង​អង្គពិធី​សន្និសីទ​នេះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ ចំណេះដឹង ទិសដៅ និង​ទស្សនៈវិស័យ​របស់​អាជ្ញា​ធរ​ទន្លេសាប ស្តីអំពី បច្ចុប្បន្នភាព និង​អនាគត​បឹង​ទន្លេសាប ដើម្បី​ធានា​ការប្រើប្រាស់​សេវា​អេកូឡូស៊ី​បឹង​ទន្លេសាប ដែល​កំពុង​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ជាស​កល​។ ឯកឧត្តម​ក៏បាន​ចូលរួម​ជា​វាគ្មិន​កិត្តិយស​សម្រាប់​កិច្ចពិភាក្សា ជាមួយ​ភាគី​ពាក់ព័ន្ធ ជាតិ និង​អន្តរជាតិ​លើ​ប្រធានបទ៖(១).ការបណ្តុះបណ្តាល​ជំនាញ​ទឹក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ​ចីរភាព​(SDGs) នៃ​កម្មវិធី​អប់រំ​ការច្នៃប្រឌិត​ចម្រុះ​សម្រាប់​ការងារ​លើ​វិស័យ​ទឹក​, (២). គម្លាត​ការស្រាវជ្រាវ នៅ​តំបន់​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​សម្រាប់​ទិសដៅ​សិក្សា​ស្រាវជ្រាវ​នាពេល​អនាគត នៃ​មុខងារ​អេកូឡូស៊ី​និង​ការអភិរក្ស​ជីវៈចម្រុះ​ដែល​ប្រឈមមុខ​នឹង​ការផ្លាស់ប្តូរ​សកល​, (៣). ការរៀបចំ​ឯកសារ​សំណើ​ស្តីពី ការរៀបចំ​មន្ទីរពិសោធន៍​អន្តរជាតិ​រួមគ្នា ។