នាថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានបន្តធ្វើការសិក្សាការវិភាគតម្លៃ និងផលចំណេញក្នុងផលិតកម្មស្រូវនៅវាលទំនាបបឹងទន្លេសាប នៅឃុំពង្រ, ទ្រៀល, ជ្រលង, សូយោង និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ការសិក្សានេះ ទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖
- ផ្ទៃដីស្រែប្រាំងក្នុងស្រុកតាំងគោកមានចំនួន ២៣.០០០ ហិកតា ក្នុងតំបន់២
- ធ្វើស្រែប្រាំងបាន ២ដង ក្នុងមួយឆ្នាំ
- ទិន្នផលបាន ៣ ទៅ ៤ តោន ក្នុងមួយហិកតា ដោយប្រើប្រាស់ពូជស្រូវ OM5154 សែនក្រអូប និងរំដួល
- តម្លៃស្រូវក្នុងឆ្នាំ២០២៣ គឺ ១២០០រៀល/គក្រ
- ការធ្វើស្រែប្រាំង របស់កសិករក្នុងតំបន់នេះ ចំណាយអស់ប្រមាណ ២,៨ លានរៀល/ហត ដូចជា ថ្លៃពូជស្រូវ ថ្លៃជួលភ្ជួររាស់ ជួលច្រូត ជួលដឹកជញ្ជូន ថ្លៃថ្នាំ-ជីគីមី និងប្រេង/សាំង។
- ចំណេញចន្លោះពី ១,០០,០០០ ទៅ ១,៥០០,០០០ រៀល ក្នុងមួយហិកតា ក្នុងមួយដង
- បច្ចេកទេសធ្វើស្រែ និងការប្រើប្រាស់ថ្នាំគីមី ជីគីមី គឺធ្វើតាមតៗគ្នា។
- ប្រជាជនស្រុកតាំងគោក មានសមាជិកគ្រួសារចន្លោះពី ៤ ទៅ ៦នាក់/គ្រួសារ ប៉ុន្តែកម្លាំងពលកម្មធ្វើស្រែមានតែ ១ ទៅ ២នាក់ ប៉ុណ្ណោះ គឺការធ្វើស្រែដោយជួលគេធ្វើឲ្យ ដែលធ្វើឲ្យចំណាយច្រើន។
- ការធ្វើស្រែក្នុងស្រុកតាំងគោក គឺអនុវត្តន៍កសិកម្មជាលក្ខណៈគ្រួសារ ដែលមានផ្ទៃដី ២ទៅ ២០ ហិកតា/គ្រួសារ។
សូមជម្រាបជូនថា៖ សកម្មភាពសិក្សាវាយតម្លៃ និងផលចំណេញសេដ្ឋកិច្ចក្នុងផលិតកម្មស្រូវប្រាំងនៅវាលទំនាបបឹងទន្លេសាប ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព ដែលត្រូវបានអនុម័តឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណងដើម្បី៖
- វិភាគចរន្តសេដ្ឋកិច្ចពីរបរស្រែប្រាំងក្នុងតំបន់សិក្សា
- វិភាគថ្លៃដើមផលិតកម្ម និងផលិតផលផលិតកម្មស្រែប្រាំង
- ស្វែងយល់ និងវិភាគចំណូលចំណាយពីការធ្វើរបរស្រែប្រាំង
- បញ្ហាប្រឈមក្នុងការងារធ្វើស្រែរបស់ប្រជាពលរដ្ឋ
- ចងក្រងជាឯកសារពីតម្លៃស្រូវ ទីផ្សារ ទិន្នផល ពូជស្រូវតាមឆ្នាំ/តំបន់។