នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប បានរៀបចំពិភាក្សា អំពីយន្តការ និងដំណើរការនៃការរៀបចំរបាយការណ៍បច្ចេកទេសលទ្ធផលសិក្សាស្រាវជ្រាវរបស់អាជ្ញាធរទន្លេសាប ក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានទទួលបន្ទុកក្តាប់រួម និងមានការចូលរួមពី ឯកឧត្តមអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ។
ក្នុងអង្គប្រជុំនេះផងដែរ ឯកឧត្តម លឹម ពុយ អនុប្រធាន អ.ទ.ស បានធ្វើការចែករំលែកនូវទស្សនៈវិស័យសម្រាប់សកម្មភាពស្រាវជ្រាវ នៅបឹងទន្លេសាបក្នុងឆ្នាំ ២០២៤ និងការធ្វើសំយោគឯកសារបច្ចេកទេសជា ៣ ផ្នែក ៖
* ផ្នែកទី១. ស្ថានភាពជីវវិទ្យា នៃបឹងទន្លេសាប ក្រោមផ្លូវជាតិលេខ ៥ និងលេខ ៦ (ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ)។
* ផ្នែកទី២. ស្ថានភាពធនធានជលផល នៅតំបន់ទន្លេសាប, ព្រៃលិចទឹក លំនៅដ្ឋានធនធានត្រី និងវិស័យកសិកម្មនៅតំបន់៣ ។
* ផ្នែកទី៣. ទស្សនៈវិស័យក្នុងការគ្រប់គ្រងនាពេលអនាគត។
បន្ទាប់ពីអង្គប្រជុំ បានស្តាប់បទបង្ហាញនៃការចែករំលែក និងពិភាក្សា ឯកឧត្តមប្រធានអង្គប្រជុំ បានកោតសរសើរចំពោះការចែករំលែកគំនិតទស្សនៈទានរបស់ ឯកឧត្តម លឹម ពុយ ក្នុងស្មារតីចូលរួមគាំទ្រដំណើរការនៃការរៀបចំឯកសារបច្ចេកទេសលទ្ធផលសិក្សាស្រាវជ្រាវរបស់ អាជ្ញាធរទន្លេសាប ឲ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានផ្តល់ការណែនាំទៅឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ឲ្យពិនិត្យរៀបចំក្រុមការងារ ដើម្បីរៀបចំឯកសារបច្ចេកទេសដែលបានសិក្សាស្រាវជ្រាវកន្លងមករបស់អាជ្ញាធរទន្លេសាប ស្របតាមការណែនាំ និងឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមប្រធាន អាជ្ញាធរទន្លេសាប និងពិនិត្យមើលការពង្រឹងយន្តការការងារជាមួយនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ក្នុងការជម្រុញការរៀបចំ Tonle Sap E-library ឲ្យស្របតាមការកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២៤-២០២៨ ។