ឯកឧត្តម សរ គឹម​សាន្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ​ឯកឧត្តម ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ស្តីពី សិក្ខាសាលា​ផ្សព្វផ្សាយ របាយការណ៍​សិក្សា​ស្រាវជ្រាវ ផលប៉ះពាល់​នៃ​លំហូរ​ទឹក​ទាប​ពី​ទន្លេមេគង្គ​ទៅកាន់​បឹង​ទន្លេសាប​លើ​ជីវភ

​នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា និង​ប្រកាស​បើក​កម្ម​វី​ធី​ស្តីពី សិក្ខាសាលា​ផ្សព្វផ្សាយ របាយការណ៍​សិក្សា​ស្រាវជ្រាវ​ផលប៉ះពាល់​នៃ​លំហូរ​ទឹក​ទាប ពី​ទន្លេមេគង្គ​ទៅកាន់​បឹង​ទន្លេសាប​លើ​ជីវភាព​របស់​សហគម​ន៍​បឹង​ទន្លេសាប និង​បរិស្ថាន​ធម្មជាតិ ដោយមាន​ការចូលរួម​ពី​សហគមន៍​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​, តំណាង​រដ្ឋបាល​ជលផល​, អង្គការ World Fish, តំណាង​អង្គការ Oxfam និង​តំណាង​រដ្ឋសភា ដែលមាន​មនុស្ស​សរុប ៤៤​នាក់ (​ស្រី ៩​នាក់​) ។​

​សុន្ទរកថា​គ​ន្លឺះ​របស់​ឯកឧត្តម​បាន​ផ្តោត​ថា បឹង​ទន្លេសាប​ជា​បេះដូង​កម្ពុជា បឹង​ទន្លេសាប​ជា​ជ​ម្រុ​ក និង​ជម្រក​ជីវចម្រុះ​គ្រប់​ប្រភេទ បឹង​ទន្លេសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ដែល​អាច​រីក​ក្រឡា​ផ្ទៃ​រហូតដល់​ជាង 15,000 គីឡូម៉ែត្រ​ការ៉េ ជាមួយ​ជម្រៅ​ទឹក​បឹង 10 ម៉ែត្រ នៅ​រដូវវស្សា ឆ្នាំ​២០០០ ដែល​បង្កដោយ​លំហូរ​ទឹកទន្លេ​មេគង្គ​ទៅកាន់​បឹង​ទន្លេសាប​។ តែ​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការអភិវឌ្ឍ​តាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ ការប្រែប្រួល​អាកាសធាតុ កត្តា​មនុស្ស និង​កត្តា​ផ្សេងៗ​ទៀត បានដាក់​សម្ពាធ​លើ​ទន្លេមេគង្គ ហើយ​បាន​បន្ត​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការប្រែប្រួល​របប​លំហូរ​ជលសា​ស្ត្រ​ទន្លេមេគង្គ​មកកាន់​បឹង​ទន្លេសាប​។ ជាក់ស្តែង​ឆ្នាំ​២០២៣​នេះ បឹង​ទន្លេសាប​មាន​កម្ពស់​អតិបរិមា​ត្រឹមតែ 6.95 ម៉ែត្រ (​ហើយ​មាន​រយៈពេល​ខ្លី មិន​ដល់​ត្រឹម​១០​ថ្ងៃ​ផង កម្ពស់​ទឹក​ចាប់  ផ្តើម​ស្រក​ទៅវិញ​) បើ​ប្រៀបធៀប​នឹង​កម្ពស់​ទឹក​ឆ្នាំ​២០០០ ខុសគ្នា​ប្រមាណ​ជា 30% ។ កត្តា​នេះ​បាន​បង្ក​ដល់​ការប៉ះពាល់​យ៉ាងខ្លាំង មិន​ត្រឹមតែ​ជីវភាព​របស់​ប្រជា​សហគមន៍​បឹង​ទន្លេសាប​នោះទេ ថែមទាំង​ប៉ះពាល់​ដល់​ជីវចម្រុះ​ផងដែរ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​អ្នកចូលរួម​ទាំងអស់​ឲ្យ​សស្រាក់សស្រាំ​ផ្តល់​គំនិត​យោបល់ មតិ​ត្រលប់ និង​មតិ​កែលម្អ លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​នេះ​ឲ្យ​កាន់តែ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ថ្ងៃនេះ និង​អនាគត ដើម្បី​បឹង​ទន្លេសាប​របស់​យើងទាំងអស់គ្នា​។​

​សូមជម្រាបថា​៖ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះដែរ លោក​ខ្វាន់ ភ​ត្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​ជា​វាគ្មិន​ឆ្លើយ​សំណួរ និង​ពិភាក្សា  “​ដំណោះស្រាយ​បែបណា​លើ​ផលប៉ះពាល់​សហគមន៍ និង​បឹង​ទន្លេសាប​ដោយ​លំហូរ​ទាប​ពី​ទន្លេមេគង្គ​ទៅកាន់​បឹង​ទន្លេសាប​” (១). អាជ្ញាធរ​ទន្លេសាប​មាន​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន 2024-2028 ដោយមាន​ផ្នែក​សេដ្ឋកិច្ចសង្គម ជា​ទិសដៅ​យុទ្ធសាស្ត្រ សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​រៀបចំ​គោលនយោបាយ​ការងារ និង​មុខរបរ តំបន់​បឹង​ទន្លេសាប​(២). បឹង​ទន្លេសាប​មាន​ប្រភពទឹក​ចំនួន​បី​ធំៗ ទឹក​ពី​ទន្លេមេគង្គ​ប្រមាណ ៥២% ទឹក​ពី​ដៃ​ស្ទឹងធំៗ​ទាំង​១១ ប្រមាណ ៣៨% និង​ទឹក​ពី​ទឹកភ្លៀង​ប្រមាណ ១០%  យើង​ពិតជា​ពិបាក​ណាស់​ក្នុង​ការធ្វើ​ឲ្យ​លំហូរ​ទឹកទន្លេ​មេគង្គ​ត្រលប់មក​ភាពប្រក្រតី​មកវិញ តែ​យើង​អាច​ឲ្យ​បឹង​ទន្លេសាប​បន្សាំ​ខ្លួន (resilience) បាន​ទៅនឹង​ការប្រែប្រួល​របប​ជលសា​ស្ត្រ ទោះ​ជម្រៅ​ទឹក ៦​ម៉ែត្រ ឬ ៧​ម៉ែត្រ​ក្តី ដោយមាន​ការសិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​ថា តើ​បឹង​ទន្លេសាប​យើង​ត្រូវការ​ទឹក​ចំនួន​ប៉ុន្មាន​ដើម្បី​រស់​ដោយ​ផ្សាភ្ជាប់​ជាមួយ​ប្រព័ន្ធ​អេកូឡូស៊ី​រួមមាន ទឹក ត្រី ព្រៃ មនុស្ស និង​បរិស្ថាន​ធម្មជាតិ​។