ប្រជុំ​ពិនិត្យ​ពិភាក្សា លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ដំណើរ​ការរៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប

​នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃ​សុក្រ ១២​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ទទួល​រៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធ របស់​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ និង​ដំណើរ​ការរៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ទន្លេសាប ។​
សូមជម្រាបថា កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ខាងលើនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អនុប្រធាន ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប សរុប​ចំនួន ៦៩ រូប ។ 

​កិច្ចប្រជុំ បាន​ពិនិត្យ និង​ពិភាក្សា​លើ ៖
១. លទ្ធផល និង​បទពិសោធន៍​នៃ​ការអនុវត្ត​រយៈពេល ៣ ឆ្នាំ នៃ​ដំណើការ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២១-២០២៥ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​ឲ្យ​ស្រប​នឹង​គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​
២. សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ 
៣. ទម្រង់​តារាង​ម៉ា​ទ្រិ​ច​សកម្មភាព​ផែនការ​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​ចូលរួម​អនុវត្ត​គាំទ្រ​ដល់​ដំណើរការ​ផែន​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ឲ្យ​មាន​ប្រសិទ្ធភាព ។​

​តាមរយៈ​នៃ​ការពិនិត្យ និង​ពិភាក្សា អង្គប្រជុំ បាន​ចូលរួម​មតិយោបល់ ដែលជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​បន្ថែមទៀត​ក្នុងការ​ធ្វើ​ឲ្យ​ផែនការ​យុទ្ធសាស្ត្រ​កាន់តែ​ប្រសើរឡើង និង​យកទៅអនុវត្ត​ឲ្យ​ស្របតាម​បរិបទ​ជាក់ស្តែង ។ ជារួម អង្គប្រជុំ បាន​ឯកភាព និង​គាំទ្រ ៖ (១). ខ្លឹមសារ អត្ថន័យ (​ចក្ខុវិស័យ​, បេសកកម្ម​, គោលដៅ​, ទិសដៅ សកម្មភាព​យុទ្ធសាស្ត្រ និង​ការតាមដាន​ត្រួតពិនិត្យ វាយតម្លៃ​) លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ អ​.​ទ​.​ស ២០២៤-២០២៨ ដែល​នឹងចូលរួម​លើកកម្ពស់​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​, (២). បន្ត​ពិនិត្យ​រៀបចំ​សកម្មភាព​អនុវត្ត​ប្រចាំឆ្នាំ ២០២៤ ចូល​តារាង​ម៉ា​ទ្រិ​ច ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​នឹង​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន និង​ការិយាល័យ​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប ក្នុង​ស្មារតី​យកចិត្តទុកដាក់ និង​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ ២០២៤-២០២៨ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។