ព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅសាលបណ្តះបណ្តាលទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលសម្រាប់មន្ត្រីថ្មី អទស ដែលរៀបចំដោយនាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអគ្គខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ ២០១៧ ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីអាជ្ញាធរទន្លេសាប ចំនួន ៣៣ នាក់ ដែលក្នុងនោះរួមមាន ៖ មន្ត្រីក្របខ័ណ្ឌពេញសិទ្ធចំនួន ១៥ នាក់ និងមន្ត្រីក្របខ័ណ្ឌកម្មសិក្សា ចំនួន ១៨ នាក់ ។
វគ្គបណ្តុះបណ្តាលដែលរៀបចំធ្វើឡើងនេះ ស្របតាមផែនការសកម្មភាពការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប(2017-2020) បន្តផែនការសកម្មភាពការងារ(2016-2020) ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងពី(1)របៀបរបបការងារតាមឋានុក្រមនៃការងាររដ្ឋបាលសាធារណៈ , (2)ការគ្រប់គ្រង និងរបៀបរបបរៀបចំលិខិត បទដ្ឋាននានា ក្នុងដំណើរការងារប្រចាំថ្ងៃក្នុងស្ថាប័ន ឬអង្គភាព និង (3) យល់ដឹងពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិលនិងការសរសេរបាយការណ៍ ។
ជាលទ្ធផលរំពឹងទុកពេលបញ្ចប់វគ្គ មន្ត្រីនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មី ដូចជា៖
- យល់ដឹងច្បាស់ពីកិច្ចការរដ្ឋបាលសាធារណៈ និងប្រៀបធៀបជាមួយរដ្ឋបាលនានា ដែលជាអត្តសញ្ញាណទូទៅនៃរដ្ឋបាល ខ្លឹមសារគោលនៃរដ្ឋបាល និងប្រភេទរដ្ឋបាល
- យលដឹង់អំពីអង្គការលេខ និងរចនាសម្ព័ន្ធស្ថាប័ន ក្រសួងអង្គភាព ដូចជា បេសកកម្ម តួនាទី មុខងារ ភារកិច្ច ការគ្រប់គ្រង និងសហលក្ខន្តិកៈគ្រប់គ្រងមន្ត្រីរាជការស៊ីវិល
- យល់ដឹងពីរបៀបការសរសេរបាយការណ៍។