សកម្មភាព​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្រុក​មង្គល​បូរី​

​នា​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ​លោក​អភិបាលស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សាឃុំ និង​រៀបចំ​ពិធី​ជួប​សំណេះ សំណាល​ជាមួយ​ប្រជាជន​ដែល​ជួប​ការលំបាក និង​ខ្វះខាត​ជីវភាព​ក្នុងបន្ទុក​គ្រួសារ​។ កម្មវិធី​នេះ​រៀបចំឡើង​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​គ្រួសារ​ដែល​ជួប​ការលំបាក​ចំនួន ១៤ គ្រួសារ និង​បាន​ឧបត្ថម្ភ​ជូន​សម្ភារៈ​មួយចំនួន និង​ថវិកា​ចំនួន ៧៥,០០០ រៀល ក្នុង​មួយ​គ្រួសារ​។ ក្រុមការងារ​បាន​ជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ផ្តល់​គោលការណ៍​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​អនុវត្ត​ការងារ​ទទួលបាន​ជោគជ័យ​។ លោក​អភិបាលស្រុក​បាន​អញ្ជើញ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​សមិទ្ធិផល​នានា​ដូចជា​ផ្លូវថ្នល់ ស្ពាន និង​ប្រឡាយទឹក​ជាដើម ដែល​ឃុំ​សម្រេចបាន​នាពេល​កន្លងមក​។