សកម្មភាព​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ៍​ផលិត​ទឹកស្អាត នៅ​ឃុំ​ថ្មី ខេត្តព្រះវិហារ​

​នា​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​សាលាឃុំ​ថ្មី ថ្នាក់ដឹកនាំ និង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រ​ចា​រ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប អមដំណើរ​ដោយ​ឯកឧត្តម ហ៊ែ​ល តូ​នី អគ្គលេខាធិការ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ៍​ផលិត​ទឹកស្អាត ចំនួន ១ កន្លែង ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ រួមមាន​លោក​អភិបាលរង ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម សមាជិក​គណៈកម្មាការ​គ្រប់​ធន​ធនា​ទឹក​ចម្រុះ​អាង​ស្ទឹងសែន អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​ក្នុង​ឃុំ​ថ្មី សរុប​ចំនួន 83 រូប ។​
​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ទន្លេសាប​តាមរយ​:​ក្រុមការងារ​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​អាង​ស្ទឹងសែន ជាមួយ​ភ្នាក់ងារ​ទឹក​បារាំង និង Loire-Bretange ក្នុង​ផែនការ​សកម្មភាព​គាំទ្រ​រយៈពេល ៥ ឆ្នាំ (២០១៦- ២០២០) ហើយ​គម្រោង​នេះ​សហការ​ជាមួយ​ដៃគូ​ភ្នាក់ងារ​ទឹក​បារាំង ចាប់ពី​ឆ្នាំ​២០១២​មក រហូតដល់​ឆ្នាំ​២០១៥ ទើប​ភាគី​បារាំង​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​លើ​ការសាងសង់​ស្ថានីយ​ផលិត​ទឹកស្អាត​។ ឆ្នាំ​២០១៧ គម្រោង​ផ្តល់​ស្ថានីយ​ផលិត​ទឹកស្អាត​ទី​១ នៅ​ឃុំ​ថ្មី និង​ជា​បន្តបន្ទាប់​នៅ​ពុទ្ទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ និង​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ស្ថានីយ​ផលិត​ទឹកស្អាត​ទី​១ នៅ​ឃុំ​ថ្មី​នេះ បានចាប់ផ្តើម​សាងសង់​នៅ​ខែមេសា ឆ្នាំ ២០១៦ និង​បញ្ចប់​នៅ​ខែមករា ឆ្នាំ​២០១៧ ក្រោម​ជំនួយ​ផ្នែក​ការអភិវឌ្ឍន៍​ទឹក​ស្អា​ត់ និង​អនាម័យ​ភ្នាក់ងារ​ទឹក​បារាំង Rhien-Meuse ។​
​គម្រោង​ស្ថានីយ៍​ផលិត​ទឹកស្អាត​ទី​១​នេះ បាន​ចូលរួម​លើកកម្ពស់​ដល់​សុខមាលភាព    អនាម័យ និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ទទួលបាន​នូវ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​។ ស្ថានីយ៍​ផលិត​ទឹកស្អាត​នេះ ទាញយក​ទឹក​ក្រោម​ដី​ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ( Solar) និង​រក្សាទុក​ក្នុង​អាង​ស្តុក​ទឹក ចំណុះ 40 ម៉ែត្រគូប និង​មានលទ្ធភាព​ផលិត​ទឹកស្អាត​បាន​ចំនួន 22.5 ម៉ែត្រគូប​/​ថ្ងៃ និង​អាច​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប 703 គ្រួសារ ទូទាំង​ឃុំ​ចំនួន 5 ភូមិ (​ភូមិ​ថ្នល់​បែក ត្រាវ​គៀត ពង្រ ដំណាក់​កន្ទួត និង​ភូមិ​ដាន​) គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន 30​លីត្រ​/​ថ្ងៃ​។​