សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​អំពី​សក្តានុពល​តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប

​នា​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី សក្តានុពល​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​។ ក្រុមការងារ​បាន​បន្ត​ចុះ​សិក្សា​អំពី​វិសាលភាព​នៃ​សក្តានុពល​នៃ​តំបន់​ស្នូល​ព្រែក​ទាល់ ដែល​ជាម​ជ្ឃ​មណ្ឌល​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​។  ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប មាន​ទីតាំង​បី​ធំៗ គឺ (១) តំបន់​ស្នូល​ព្រែក​ទាល់ ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង (២) តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ ស្ថិតនៅ​ភូមិ​ពាម​បាង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ និង (៣) តំបន់​ស្នូល​ស្ទឹងសែន ស្ថិតនៅ​ភូមិ​ផាត់​សណ្ដាយ ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ទីតាំង​នៃ​ជម្រក​សត្វ​ស្លាប​ទឹក (R34) ដែល​កំពុង​កាច់​សម្បុក​ពង​កូន និង​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​ឧ​ទ្យា​នុ​រក្ស ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ សិក្សា​ពី​សេដ្ឋកិច្ចសង្គម​ដែល​ទាក់​សេវាកម្ម​ទេសចរណ៍ និង​ជួបពិភាក្សា​ជាមួយ​សហគមន៍​ទេសចរណ៍ធម្មជាតិ​មេ​ជ្រៃ​។